ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ នៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ-១៩ កើនឡើងដល់ជិត៦សែននាក់ ធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅលើភពផែនដីកើនឡើងដល់ទៅជាង៥៤,២លាននាក់ និងស្លាប់ជាង១,៣លាននាក់ក្នុងនោះមានអ្នកស្លាប់ក្នុងរយៈពេលមួយថ្ងៃ កើនឡើង៨.៩៦៥នាក់។ ក្នុងចំណោមអ្នកឆ្លងលើពិភពលោក ជាង៥៤,២លាននាក់មានជាង ៣៧,៨ លាននាក់ជាសះស្បើយ។
អាមេរិកនៅតែឈានមុខគេដដែលដោយមានអ្នកឆ្លងសរុបដល់ទៅ ១១.២១៧.០៥៦នាក់ និងស្លាប់២៥១.២១៥នាក់ ហើយក្នុងរយៈពេល ២៤ម៉ោងកន្លងមកមានអ្នកឆ្លងដល់ទៅ១៤៨.៣២៣នាក់និងស្លាប់ ១.២១៩នាក់។ រដ្ឋ California និង Texas បានក្លាយជារដ្ឋដែលមានអ្នកឆ្លងកូវីដ-១៩ លើសពី១លាននាក់។
អភិបាលក្រុងញូវយ៉កលោក Andrew Cuomo បានប្រកាសថា បានអនុវត្តវិធានការតឹងតែងទប់ស្កាត់ការឆ្លងកូវីដ-១៩ក្នុងនោះមានបិទក្លិបរាត្រី កន្លែងកម្សាន្តនានាចាប់ពីម៉ោង២២។ ចំណែកកម្មវិធីមិនឲ្យមានមនុស្សចូលរួមលើសពី១០នាក់ឡើយ។
ឥណ្ឌាគឺជាប្រទេសដែលមានករណីឆ្លងច្រើនលំដាប់ទីពីរ ដោយមានអ្នកឆ្លងក្នុងរយៈពេល២៤ម៉ោង ដល់ទៅ៤១.៦៥៩នាក់ និងស្លាប់ ៤៤៩នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅឥណ្ឌាមាន ៨.៨១៤.៩០២ នាក់និងស្លាប់១២៩.៦៧៛នាក់។ ទីក្រុងញូវដេលីមានអ្នកឆ្លងច្រើនជាងគេបំផុត ។
ចំណែកប្រទេសប្រេស៊ីលមានអ្នកឆ្លងច្រើនលំដាប់ទី៣លើពិភពលោក មានអ្នកឆ្លងសរុប៥.៨៤៨.៩៥៩នាក់ និងស្លាប់១៦៥.៦៥៨នាក់។ ក្នុងរយៈពេល២៤ម៉ោង មានអ្នកឆ្លងជាង ២៩,៤លាននាក់ ។
អគ្គនាយកអង្គការសុខភាពពិភពលោក បានលើកឡើងថា ប្រទេសទាំងអស់ត្រូវតែសាមគ្គីគ្នាដើម្បីយកឈ្នះកូវីដ-១៩ ។ ពេលនេះប្រទេសជាច្រើនបង្ហាញការហត់នឿយចំពោះសកម្មភាពទប់ស្កាត់កូវីដ ប៉ុន្តែកូវីដ-១៩វិញមិនហត់នឿយក្នុងការចម្លងទៅកាន់មនុស្សរាប់សែននាក់ក្នុងមួយថ្ងៃៗនោះឡើយ។ ដូច្នេះយើងត្រូវតែមានស្មារតីទប់ស្កាត់ឲ្យបានល្អបំផុត៕ដោយ៖ធី រីណា