ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរឆ្លងកាត់លើផ្លូវជាតិលេខ១ ខណៈធុំក្លិនស្អុយទើបដើររកស្រាប់តែប្រទះឃើញសព ហើយក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យមកពិនិត្យសពដែលគេសង្ស័យថាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍។
ហេតុការណ៍ប្រទះឃើញសពបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១រសៀលថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២០ ស្ថិតនៅភូមិបន្ទាយ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស៊ុត ធួក អាយុ២២ឆ្នាំ មុខរបរមន្ត្រីឥណទានហត្ថាកសិករ ជីភូ ដែលមានទីលំនៅភូមិក្តីស្លា ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្ត ស្វាយរៀង បាត់ខ្លួនតាំងពីថ្ងៃទី១១ខែ វិច្ឆិកាឆ្នាំ២០២០វេលាម៉ោង៨និង៣០នាទីយប់ ដោយសាច់ញាតិបាត់ការទាក់ទងហើយតាមរកទើបប្រទះឃើញសពនៅថ្ងៃនេះនិងមានការភ្ញាក់ផ្អើលដល់ពលរដ្ឋនិងសមត្ថកិច្ចចុះមកពិនិត្យសាកសព។
បើតាមប្រភពពីកន្លែងកើតហេតុឱ្យដឹងថាមានប្រជាពលរដ្ឋធុំក្លិនស្អុយរួចសង្ស័យក៏ដើររកមើលស្រាប់តែប្រទះឃើញសាកសពហើមស្អុយនិងម៉ូតូមួយគ្រឿងមានបាក់បែកសង្ស័យគ្រោះថ្នាក់ចរាចរណ៍ទើបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យមកពិនិត្យសាកសពតែម្តង។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលស្រុកប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕ យឹម សុថាន