អន្តរជាតិ៖ កិច្ចប្រជុំអាស៊ានលើកទី៣៧ និងកិច្ចប្រជុំពាក់ព័ន្ធ បានចប់សព្វគ្រប់នៅថ្ងៃទី១៥ ខែវិច្ឆិកា។ ខុសពីឆ្នាំកន្លងទៅ មិនមានវត្តមានមេដឹកនាំប្រទេសសមាជិកទាំង១០ និងដៃគូ មានវត្តមាននៅទឹកដីវៀតណាមដែលជាម្ចាស់ផ្ទះឡើយ ខណៈជំងឺ COVID-19 នៅតែបន្តអុកឡុកដដែល។ កិច្ចប្រជុំកំពូល ត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូទាំងអស់។
ដោយឡែកសម្រាប់ឆ្នាំ២០២១ វៀតណាម បានប្រគល់តំណែងប្រធានប្ដូរវេនរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ានទៅឲ្យប្រ៊ុយណេ។ ខណៈពេញមួយអាណត្តិរបស់វៀតណាម ជំងឺ COVID-19 បានរារាំងមេដឹកនាំរដ្ឋសមាជិកទាំង១០ និងរដ្ឋដៃគូឯទៀតមិនឲ្យជួបមុខគ្នាដោយផ្ទាល់ឡើយ ហើយជំនួបកំពូលពីរលើកសុទ្ធតែត្រូវធ្វើឡើងតាមអនឡាញ។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ជាសមិទ្ធផលសំខាន់សម្រាប់ឆ្នាំ២០២០ ។
នាយករដ្ឋមន្ត្រីវៀតណាម ង្វៀន ស៊ួនហ្វុក ប្រាប់អ្នកសារព័ត៌មានVietnamnews ក្រោយជំនួបថា ឆ្នាំ២០២០ ជាឆ្នាំដ៏ស្វិតស្វាញមួយរបស់អាស៊ានជាមួយការងារដ៏ច្រើនក្នុងបរិបទ COVID-19។ ទោះជំងឺរលាកសួតនេះធ្វើឲ្យរាំងស្ទះដល់កិច្ចប្រជុំកិច្ច ឯកសារច្រើនជាង៨០ ត្រូវបានយល់ព្រមអំឡុងពេលជំនួបនៅវៀតណាម ដែលជាចំនួនច្រើនជាងគេក្នុងប្រវត្តិសាស្ត្រអាស៊ាន។
ទីភ្នាក់ងារសារព័ត៌មាន Vietnamnews ដកស្រង់សម្តីលោកង្វៀន ស៊ួនហ្វុកបានបញ្ជាក់បន្ថែមថា៖«ជាង៥ទសវត្សរ៍ក្រោយលេចជារូបរាងអាស៊ានបន្តការប្ដេជ្ញាលើអំណាចនៃសាមគ្គីភាព ភាពស្អិតល្មូត និងការសម្របខ្លួនដើម្បីឆ្លើយតបនឹងបញ្ហាប្រឈម»។
ជាមួយគ្នានោះ នាយករដ្ឋមន្ត្រីវៀតណាម ង្វៀន ស៊ួនហ្វុក បន្ទាប់ពីដឹកនាំកិច្ចប្រជុំរូច ក៏ប្រគល់ញញួរតំណាងប្រធានអាស៊ានឲ្យប្រ៊ុយណេ។ចំណែកអគ្គរាជទូតប្រ៊ុយណេប្រចាំទីក្រុងហាណូយ Pengiran Haji Sahari bin Pengiran Haji Salleh ជាអ្នកទទួលញញួរប្រធានក្នុងនាមរដ្ឋាភិបាលប្រ៊ុយណេផ្ទាល់។
នាឱកាសនោះដែរ លោក Salleh បានបញ្ជាក់ដែរថា សម្រាប់ឆ្នាំ២០២១ប្រ៊ុយណេជ្រើសរើសមូលបទ «យើងយកចិត្តទុកដាក់ យើងត្រៀមខ្លួន យើងរីកចម្រើន» ហើយជំរុញមូលដ្ឋានសំខាន់បីដែលកើតចេញពីប្រវត្តិសាស្ត្រអាស៊ាន។ អ្នកការទូតរូបនេះ សង្កត់ធ្ងន់ថា មូលបទខាងលើសំដៅដល់ការយកចិត្តទុកដាក់ប្រជាជន និងជីវភាពរបស់សមាជិកអាស៊ាននីមួយៗ ការត្រៀមខ្លួនសម្រាប់ឱកាស និងបញ្ហាប្រឈមនៅថ្ងៃអនាគត និងការរីកចម្រើនទាំងអស់គ្នាជាតំបន់ដែលមានការរួបរួម៕ដោយ៖ស តារា