ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូហុងដាគុបមូលគ្មានភ្លើងបំភ្លឺផ្លូវដូចគ្នាបុកគ្នារបួសធ្ងន់ស្រាល២នាក់នៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសពីរនាក់បានរងរបួសធ្ងន់និងស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូគុបមូលពីរគ្រឿងបើកបញ្ច្រាសគ្នាហើយបុកគ្នាលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៥០នាទីព្រលប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០នៅត្រង់ចំណុចភូមិរមាសហែក ឃុំឣំពិល ស្រុករមាសហែក។

បើតាមសមត្ថកិច្ចនគរបាលស្រុករមាសហែកបានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះរស់ វ៉ន អាយុ៣២ឆ្នាំ  មុខរបរកសិករ រស់នៅភូមិរមាសហែក  ឃុំអំពិលស្រុករមាសហែក ជិះម៉ូតូម៉ាកហុងដាគុបសេ៥០ ពណ៌ទឹកប៊ិក គ្មានស្លាកលេខ (និងគ្មានភ្លើង)រងការខូចខាតយ៉ាងដំណំ។
ចំណែកភាគីរងគ្រោះម្ខាងទៀតមានឈ្មោះមុំ សារឿន អាយុ៤៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិម្រាក់ទាប ឃុំត្រស់ ស្រុករមាសហែក ជិះម៉ូតូម៉ាកហុងដាគុប សេ៥០ ពណ៌ស្លែ គ្មានស្លាកលេខ (និងគ្មានភ្លើង)។

សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងទៀតថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាគុបសេ៥០ ពណ៌ទឹកប៊ិក គ្មានស្លាកលេខ និងគ្មានភ្លើងបំភ្លឺផ្លូវក្នុងទិសដៅពីលិចទៅកើតស្រាប់តែទៅបុកជាមួយនឹងម៉ូតូម្ខាងទៀតម៉ាកហុងដាគុប សេ៥០ ពណ៌ស្លែ គ្មានស្លាកលេខនិងគ្មានភ្លើងបំភ្លឺផ្លូវដូចគ្នាក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិចេញមកមើលនិងរាយការណ៍ទៅសមត្ថកិច្ចចុះមកធ្វើអន្តរាគមន៍ដឹកភាគីរងរបួសទាំងសងខាងទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុករមាសហែក។

ចំណែកវត្ថុតាងម៉ូតូទាំង២គ្រឿងសមត្ថកិច្ចវាស់វែងរកខុសត្រូវនិងអូសយកទៅអធិការដ្ឋាននគរបាលស្រុករមាសហែកដើម្បីចាត់ការបន្តតាមច្បាប់៕ដោយ៖យឹម សុថាន


ចែករំលែក៖