អន្តរជាតិ៖ ខណៈពេលដែលប្រទេសក្រិក បានប្រកាសហាមប្រាមការប្រមូលផ្តុំថ្មី ហើយប្រទេសម៉ិចស៊ិកូ បានឆ្លងលើសពីមួយលាននាក់ ។ស្រាប់តែកាលពីពេលថ្មីៗនេះ រដ្ឋាភិបាលអាល្លឺម៉ង់ បានព្រមានថា ខ្លួនអាចនឹងបិទប្រទេសមួយនេះ ក្នុងវិធានការប្រឆាំងនឹងជំងឺ Covid-19 ទំនងជាមានរយៈពេល ៤ ទៅ ៥ ខែទៀត។
សូមជម្រាបថា ប្រទេសអាល្លឺម៉ង់ គឺជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅអ៊ឺរ៉ុបបានបិទប្រទេសមួយផ្នែក កាលពីដើមខែវិច្ឆិកានេះរួមមាន៖បិទបារភោជនីយដ្ឋាន និងកន្លែងកម្សាន្តផ្សេងៗទៀត ប៉ុន្តែសាលារៀន និងហាងនានានៅបើកដំណើរការ។
បើតាមរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់ លោក Peter Altmaier បានមានប្រសាសន៍ថា៖« យើងនឹងត្រូវរស់នៅដោយមានការប្រុងប្រយ័ត្ននិងការហាមឃាត់យ៉ាងហោចណាស់ក្នុងរយៈពេល ៤ ទៅ ៥ ខែទៀត »។ ការអត្ថាធិប្បាយរបស់លោកបានធ្វើឡើងមុនកិច្ចប្រជុំរដ្ឋាភិបាលកាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ ដើម្បីសម្រេចថា តើត្រូវបន្តវិធានការថ្មីដែលនឹងត្រូវដាក់ឲ្យអនុវត្តជាបណ្តោះអាសន្នរហូតដល់ចុងខែវិច្ឆិកា។
ជាមួយគ្នានេះ នៅក្នុងប្រទេសក្រិកប៉ូលិស ក៏បានប្រកាសហាមប្រាមការប្រមូលផ្តុំជាសាធារណៈនៃមនុស្ស ៤ នាក់ ឬច្រើនជាងនេះដោយបានប្រកាសថាព្រឹត្តិការណ៍ និងការហែក្បួននានានឹងមិនកើតឡើងនៅឆ្នាំនេះទេ។
គួរបញ្ជាក់ថា បច្ចុប្បន្នចំនួនអ្នកឆ្លងជំងឺ Covid-19 នៅប្រទេសអាល្លឺម៉ង់បានកើនឡើងពីជាង ៣៦០ នាក់នៅដើមខែតុលា ដល់ជាង ៣,៣០០នាក់ខណៈពេលដែលប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងរលកទី២ រួមជាមួយប្រទេសដទៃទៀតនៅអឺរ៉ុប៕
ដោយ៖ស តារា