រដ្ឋាភិបាលទីក្រុងប៉េកាំងបានអំពាវនាវដល់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបញ្ឈប់រាល់ការគាបសង្កត់ទៅលើបណ្តាក្រុមហ៊ុនចិន ។ ជាមួយគ្នានោះចិនក៏បានប្រឆាំងនឹងការហាមប្រាមវិនិយោគិនអាមេរិកវិនិយោគទៅលើក្រុមហ៊ុនចិន ដែលប្រធានាធិបតីត្រាំបានអនុម័ត។
គេហទំព័ររបស់ក្រសួងពាណិជ្ជកម្មចិន នៅថ្ងៃទី១៦ខែវិច្ឆិកា បានផ្សាយថា «ទីក្រុងប៉េកាំងបានបង្ហាញពីទស្សនៈរឹងមាំទប់ទល់ការដាក់គំនាបទៅលើក្រុមហ៊ុនចិនពីសំណាក់រដ្ឋាភិបាលអាមេរិក។ អាមេរិក បានចោទប្រកាន់ដោយគ្មានហេតុផលទៅលើក្រុមហ៊ុនចិនមួយចំនួនថា ស្ថិតក្រោមការគ្រប់គ្រងរបស់កម្លាំងទាហាន។ ទាំងនោះមិនមែនជាការណ៍ពិតឡើយ ទីក្រុងប៉េកាំងប្រឆាំងជាដាច់ខាត»។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១២ខែវិច្ឆិកា ប្រធានាធិបតីដូណាល់ ត្រាំ បានចុះហត្ថលេខាទប់ស្កាត់ការវិនិយោគពីក្រុមហ៊ុនអាមេរិកទៅលើក្រុមហ៊ុនចិនចំនួន៣១ ដោយចោទថាមានពាក់ព័ន្ធកម្លាំងយោធា ។
ទាំងនោះជាគោលនយោបាយធំបំផុតរបស់លោកត្រាំ ទៅលើប្រទេសចិនក្រោយការបោះឆ្នោតប្រធានាធិបតីអាមេរិកបានបញ្ចប់។ លោកត្រាំបានប្រើប្រាស់ពេលវេលាចុងក្រោយក្នុងអាំណាចដើម្បីវាយប្រហារ ដាក់គំនាបទៅលើប្រទេសចិនដែលលោកត្រាំចាត់ទុកថាជាការគំរាមកំហែងដល់មហាអំណាចរបស់អាមេរិក ក្នុងពេលខាងមុខ៕ដោយ៖ធី រីណា