ព័ត៌មានទាន់ហេតុការណ៍៖

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រព្រឹត្តទៅនៅថ្ងៃទី២១ ធ្នូ មានបេក្ខជនសរុប៤.១៥២អង្គ/នាក់នៅខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកតូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានជំរុញដល់ស្នងការដ្ឋាននគរបាលខេត្តនិងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រៀបចំកម្លាំងការពារសន្តិសុខ សុវត្ថិភាព និងរក្សាសន្តិសុខ របៀបរៀបរយតាមមណ្ឌលប្រឡងទាំង៧ ក្នុងស្រុកស្វាយជ្រំ និងក្រុងស្វាយរៀង។

កាជំរុញបែបនេះរបស់លោកអភិបាលរងខេត្តស្វាយរៀងធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំលេខ ៤៦ អយក.សណន ស្ដីពីការអនុវត្តភារកិច្ចរបស់អភិបាលរាជធានី-ខេត្ត-ក្រុង-ស្រុក ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (សម័យប្រឡង ២១ ធ្នូ ២០២០) និងត្រៀមរៀបចំផែនការការងារ រៀបចំមណ្ឌលប្រឡង ការងាររក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់មណ្ឌលប្រឡង និងសុវត្ថិភាពលើផ្លូវជាតិដែលនៅជិតមណ្ឌលប្រឡង។

លោកបន្តទៀតថា សមត្ថកិច្ចត្រៀមកម្លាំងការពារហឹបវិញ្ញាសា និងរៀបចំកម្លាំងសមត្ថកិច្ចចុះផ្ដល់ព័ត៌មាន និងសហការដល់ម្ចាស់អាជីវកម្មថតចម្លង សុំបិទពីព្រឹកថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ និងសូមមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរៀបចំក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ ក្រុមគ្រូពេទ្យប្រចាំការ និងរថយន្តសង្គ្រោះ នៅតាមមណ្ឌលទាំង៧។

លោកក៏បានស្នើដល់មន្ទីរទេសចរណ៍ខេត្ត រៀបចំក្រុមការងារចុះត្រួតពិនិត្យ សហការជាមួយអាជ្ញាធរក្រុងស្រុក ជួបជាមួយម្ចាស់អាជីវកម្មលក់ដូរនៅជុំវិញមណ្ឌលប្រឡងឲ្យគោរពតាមវិធានការការពាររបស់ក្រសួងសុខាភិបាលហើយលោក លោកស្រីនាយក នាយិកា វិទ្យាល័យ បឋមសិក្សាទាំង៧ សូមជួយរៀបចំសម្អាតបន្ទប់ប្រឡង បន្ទប់ទឹក បង្គន់អនាម័យ ទីធ្លាមណ្ឌលប្រឡងឱ្យមានសណ្ដាប់ធ្នាប់របៀបរៀបរយ មានសោភណភាពល្អ និងមានផាសុកភាព និងត្រៀមលោកគ្រូ អ្នកគ្រូ ម្នាក់ឬពីរនាក់ត្រៀមសហការសម្រលសម្រួលជាមួយប្រធានមណ្ឌល គណៈមេប្រយោគ នាសម័យប្រឡងផងដែរ។

លោកបានបន្ថែមថា មន្ទីរធម្មការ និងសាសនា ត្រូវជួយរៀបចំសាមណេរ ព្រះសង្ឃ ដើម្បីរៀបចំត្រួតពិនិត្យបេក្ខជនជាព្រះសង្ឃមុនចូលទៅក្នុងមណ្ឌលប្រឡង និងសូមរៀបចំកិច្ចសហការជាមួយព្រះចៅអធិការវត្តរៀបចំវត្តអារាមដែលជិតមណ្ឌលប្រឡង កន្លែងស្នាក់នៅសម្រាប់បេក្ខជនដែលខ្វះខាតលទ្ធភាព។

លោកខៀវ សំអុល ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀងបានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅខេត្តស្វាយរៀង (សម័យប្រឡង ២១ ធ្នូ ២០២០) ខាងមុខនេះមាន ២ស្រុក ក្រុងគឺក្រុងស្វាយរៀង និងស្រុកស្វាយជ្រំ សរុប៧មណ្ឌល (ស្រុកស្វាយជ្រំ ១មណ្ឌល និងក្រុងស្វាយរៀង ៦មណ្ឌល) ស្មើនឹង១៦៧បន្ទប់ ថ្នាក់វិទ្យាសាស្រ្តមាន ២មណ្ឌលស្មើនឹង៣៤បន្ទប់ និងថ្នាក់វិទ្យាសាស្រ្តសង្គមមាន៦មណ្ឌល ស្មើនឹង ១៣៣បន្ទប់ បេក្ខជនសរុប ៤.១៥២អង្គ/នាក់ ស្រី ២១៣៦នាក់៕ យឹម សុថាន


ចែករំលែក៖