ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអ្នកស្រាវជ្រាវបានរកឃើញប្រភេទដើមឈើថ្មីជិតផុតពូជ ពីរប្រភេទនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ អង្គការសមាគមន៍អភិរក្សសត្វព្រៃ ហៅកាត់ WCS បានឱ្យដឹងថា ក្រុមអ្នកស្រាវជ្រាវមកពីប្រទេសជប៉ុន បានរកឃើញប្រភេទដើមឈើថ្មីជិតផុតពូជពីរប្រភេទ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។

ដើមឈើថ្មីទាំងពីរប្រភេទ ដែលក្រុមអ្នកស្រាវជ្រាវបានរកឃើញ ត្រូវបានដាក់ឈ្មោះតាមវិទ្យាសាស្ត្រ ដោយមួយប្រភេទឈ្មោះថា «ម៉ាឈីលូស កាំបូឌីយ៉ាណា (Machilus cambodiana)» ដោយឈ្មោះខាងចុងយកតាមឈ្មោះប្រទេសកម្ពុជា និងមួយប្រភេទទៀត ត្រូវបានដាក់ឈ្មោះថា «ម៉ាឈីលូស សីមេនស៊ីស (Machilus seimensis)» ដោយឈ្មោះខាងចុងយក តាមឈ្មោះដែនជម្រកសត្វព្រៃកែវសីមា។

អង្គការ WCS ប្រចាំកម្ពុជា នៅវេលាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ទោះបីជាអង្គការសហភាពអន្ដរជាតិដើម្បីការអភិរក្ស ធម្មជាតិ ហៅកាត់ថា IUCN មិនទាន់បានដាក់បញ្ចូលរុក្ខជាតិថ្មីទាំងពីរប្រភេទនេះ ចូលទៅក្នុងបញ្ជីក្រហមរបស់ខ្លួនក្តី ក៏ក្រុមអ្នកស្រាវជ្រាវដឹងថា ជាដើមឈើរកឃើញថ្មីទាំងពីរប្រភេទ កំពុងរងការគំរាមកំហែងជិតផុតពូជ ដោយសារប្រភេទ រុក្ខជាតិទាំងពីរប្រភេទនេះ មានចំនួនតិចតួចនៅក្នុងព្រៃស្រោង ហើយក្រុមអ្នកស្រាវជ្រាវបានរកឃើញដើមឈើប្រភេទនេះ ពីរបីដើមតែប៉ុណ្ណោះ ក្នុងកំឡុងពេលនៃការសិក្សាស្រាវជ្រាវរបស់ខ្លួន។

ក្រុមអ្នកស្រាវជ្រាវ បានលើកឡើងទៀតថា ដែនជម្រកសត្វព្រៃកែវសីមា ជាទីជម្រកសម្រាប់រុក្ខជាតិតូចៗ និងដើមឈើសរុបជាង ២៦០ប្រភេទ ក្នុងនោះមាន២០ប្រភេទ កំពុងឈានទៅរកការជិតផុតពូជជាសកល និងចំនួន៥៣ប្រភេទទៀត ត្រូវបានរដ្ឋបាល ព្រៃឈើចាត់ចំណាត់ថ្នាក់ជាប្រភេទឈើប្រណិត ឬប្រភេទឈើលេខ១ លេខ២ និងលេខ៣។

សូមបញ្ចាក់ថា: ក្រុមអ្នកស្រាវជ្រាវ ក៏បានពិពណ៌នាផងដែរថា អំពីប្រភេទរុក្ខជាតិថ្មីៗនៅឧទ្យានជាតិបូកគោខេត្តកំពត និង ដែនជម្រកសត្វព្រៃភ្នំដងរែក នៃភូមិភាគកណ្តាល។ សំណាកនៃប្រភេទរុក្ខជាតិថ្មីៗទាំងអស់នេះ ត្រូវបានរក្សាទុក នៅឯបន្ទប់រក្សាសំណាក ជីវចម្រុះរបស់រដ្ឋបាលព្រៃឈើផងដែរ៕

ដោយ៖ មាស សុផាត


ចែករំលែក៖