ព័ត៌មានទាន់ហេតុការណ៍៖

ដាក់រថយន្តលើផ្លូវធ្វើឱ្យស្ទះចរាចរណ៍ប្រជាពលរដ្ឋហើយ ខ្លាំងដាក់សមត្ថកិច្ចពេលចុះមកសម្រួលទៀត មានអីត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធរខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្ដែងពីបទ «ប្រឆាំងនឹងអ្នករាជការសារធារណ:» នៅក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

អាជ្ញាធរខណ្ឌទួលគោកបានបញ្ជាក់ថា ករណីឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រហែល៤៖៣០នាទីរសៀល ដោយកម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដោយមានការអនុញ្ញាត និងបញ្ជាផ្ទាល់មាត់ពីលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក និងដឹកនាំផ្ទាល់ពីលោក ទាវ សំអឿន អភិបាលរងខណ្ឌទួលគោក ក្រោមការសម្របសម្រួលពីលោកស្រី សុង ឆវ័ន្ត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ក្រុមប្រតិបត្តិការបានធ្វើការឃាត់ខ្លួនជនសង្ស័យ១នាក់ជាក់ស្ដែងពីបទ «ប្រឆាំងនឹងអ្នករាជការសារធារណ:» នៅចំណុចមុខផ្ទះលេខ២០៣ ផ្លូវលេខ១៣២ ក្រុមទី២៣ ភូមិ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

អាជ្ញាធរបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ជា លាង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមើលការខុសត្រូវផ្ទះជួល ស្នាក់នៅផ្ទះលេខ២០៣ ផ្លូវលេខ១៣២ ក្រុមទី២៣ ភូមិ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្នុងកិច្ចប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចបានរឹបអូសរថយន្តចំនួន២គ្រឿងម៉ាក VISTO កូរ៉េ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-8050 និងរថយន្តម៉ាក Camry ស៊េរីឆ្នាំ 2007 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-6830 (ចាប់យកនៅកន្លែងកើតហេតុ)។

អាជ្ញាធរបានរៀបរាប់ដំណើររឿងមុនឈានដល់ការឃាត់ខ្លួនជនសង្ស័យដូច្នេះថា នៅថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រហែល៤៖០០នាទីរសៀល ជនសង្ស័យឈ្មោះ ជា លាង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ បានបើករថយន្តម៉ាក VISTO កូរ៉េ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-8050 និងរថយន្តម៉ាក Camry ស៊េរីឆ្នាំ2007 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-6830 មកចតចំកណ្ដាលទ្រូងផ្លូវលេខ១៣២ ក្រុមទី២៣ ភូមិ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ធ្វើឱ្យរំខាន និងរារាំងប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវមិនអាចធ្វើដំណើរបាន។ ក្រុមប្រតិបត្តិការបានធ្វើការណែនាំឲ្យម្ចាស់រថយន្តឈ្មោះ ជា លាង បើករថយន្តចេញពីទ្រូងផ្លូវ ដើម្បីឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរបាន ប៉ុន្តែឈ្មោះ ជា លាង បានបដិសេធមិនព្រមបើកឡានចេញទេ។ ពេលនោះក្រុមប្រតិបត្តិការបានយកខ្នោះមកដាក់កង់រថយន្តដើម្បីត្រៀមលក្ខណៈស្ទូចរថយន្តចេញពីលើទ្រូងផ្លូវ តែត្រូវបានម្ចាស់រថយន្តឈ្មោះ ជា លាង ដណ្ដើមយកខ្នោះពីសមត្ថកិច្ច ដោយរារាំងមិនឲ្យចាក់កង់រថយន្ត ហើយយកខ្នោះកម្ទេចចោលរួចបោះចូលទៅក្នុងផ្ទះរបស់ខ្លួន។ ខណៈនោះសមត្ថកិច្ចក៏បានទៅហៅឈ្មោះ ជា លាង មកសួរនាំ ប៉ុន្តែត្រូវបានឈ្មោះ ជា លាង រុញច្រានសមត្ថកិច្ច ធ្វើឱ្យសមត្ថកិច្ចទ្រាំមិនបានក៏បានធ្វើការឃាត់ខ្លួនឈ្មោះ ជា លាង ក្នុងបទល្មើសជាក់ស្ដែង និងចាប់យករថយន្តចំនួន២គ្រឿងខាងលើបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការតាមនីតិវិធីច្បាប់តែម្ដង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងបញ្ជូនសំណុំរឿងទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖រ៉ារ៉ា


ចែករំលែក៖