ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់អនុសាសន៍មួយចំនួន ឲ្យកម្លាំងសមត្ថកិច្ចនិងស្ថាប័នពាក់ព័ន្ធ យកទៅអនុវត្ត ដើម្បីបង្ក្រាបការនាំចូល ការចរាចរ និង ការលួចផលិតគ្រឿងញៀននៅកម្ពុជា។
សូមបញ្ជាក់ថា៖ អនុសាសន៍របស់ប្រមុខរដ្ឋាភិបាល ធ្វើឡើងតាមរយៈសារាចរណែនាំស្តីពីវិធានការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ដែលចេញនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ថ្មីៗកន្លងទៅ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ដល់កម្លាំងសមត្ថមកិច្ចនិងស្ថាប័នពាក់ព័ន្ធ ឲ្យជំរុញការស្រាវជ្រាវស៊ើបអង្កេត ដើម្បីរកខ្សែរយៈបណ្តាញ «មេខ្លោងជួញដូរសារធាតុញៀន» និង «បង្ក្រាបឲ្យដល់ឫសគល់»។ ជាមួយគ្នានេះ សម្តេច ថែមទាំងណែនាំឲ្យបង្ក្រាបបទល្មើសសម្អាតប្រាក់ ដែលជាផលនៃបទល្មើសគ្រឿងញៀន ដោយត្រូវពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌតំបន់និងអន្តរជាតិ។
ជាប្រសិទ្ធភាពការងារ គឺប្រមុខរដ្ឋាភិបាល បានចង្អុលបង្ហាញឲ្យបន្តពង្រឹងការគ្រប់គ្រង ការត្រួតពិនិត្យការឆ្លងកាត់ព្រំដែន និង ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ រួមទាំងបញ្ញើប្រៃសណីយ៍ឲ្យបានហ្មត់ចត់ ដើម្បីទប់ស្កាត់ការនាំចូលគ្រឿងញៀន និងជំរុញឲ្យអនុវត្តព្រមៗគ្នារវាងវិធានការរដ្ឋបាល និងវិធានការច្បាប់ ហើយត្រូវបង្ក្រាប «ដូចភ្លៀងរលឹម» ដើម្បីលុបបំបាត់ការលួចលាក់កែច្នៃ ការជួញដូរ ការប្រើប្រាស់សារធាតុញៀន ជាពិសេសនៅតាមគោលដៅដែលងាយកើតមានបទល្មើសគ្រឿងញៀន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅតែផ្តល់អនុសាសន៍ឲ្យលើកកម្ពស់ការផ្សព្វផ្សាយអប់រំឲ្យបានទូលំទូលាយ នៅគ្រប់ទីកន្លែង ទាំងក្នុងសហគមន៍ ទាំងក្នុងស្ថាប័នរដ្ឋ-ឯកជន រួមទាំងក្នុងជួរកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដោយត្រូវផ្សារភ្ជាប់ជាមួយពាក្យស្លោក «បីកុំ មួយរាយការណ៍»។ «បីកុំ» គឺកុំពាក់ព័ន្ធ កុំធ្វើអន្តរាគមន៍ កុំលើកលែង ហើយ «មួយរាយការណ៍» គឺត្រូវរាយការណ៍គ្រប់ករណីបទល្មើសគ្រឿងញៀន ទៅអាជ្ញាធរមានសមត្ថកិច្ច។
សម្តេចថ្លែងបន្តថា៖ មិនភ្លេចឡើយពីការប្រាប់ឲ្យបន្តការគាំទ្រ ការសរសើរ ការជូនរង្វាន់ ការលើកទឹកចិត្តដល់អង្គភាពនិងមន្ត្រីដែលមានស្នាដៃ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន។
សូមជម្រាបថា៖ បើសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បាន រាល់បទល្មើសគ្រឿងញៀន ជាគុណសម្បត្តិធំបំផុត បង្កើននូវធនធានមនុស្ស ជាសសរទ្រូងនៃប្រទេសជាតិយើង៕

ដោយ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច