ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន៖ លទ្ធផលនៃការធ្វើតេស្តជាលើកទី៤ អវិជ្ជមានមេរោគកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ត្រូវជាថ្ងៃសម្រាប់អ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ៣វិច្ឆិកាទាំងអស់ ដើម្បីរួមគ្នាបញ្ចប់ស្ថានភាព ចម្លងវីរុសកូវីដ-១៩ នៃព្រឹត្តិការណ៍៣វិច្ឆិកា និងបញ្ជាក់ពីភាពមាន ឬគ្មានការចម្លងកូវីដ-១៩ ចំពោះបុគ្គលដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ កន្លងមកនេះ អាចបានវិលត្រឡប់ទៅកាន់ការរស់នៅធម្មតា តាមបែបគន្លងថ្មីវិញផងដែរ។

ជាក់ស្តែងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថាតាមបណ្តាញសង្គមនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា លទ្ធផលនៃការធ្វើតេស្តជាលើកទី៤ គឺអវិជ្ជមានមេរោគកូវីដ១៩។

រដ្ឋមន្ត្រីក្រសួងកសិកម្មរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖«ខ្ញុំពិតជាមានក្តីរំភើបរីករាយជាពន់ពេក នៅរសៀលថ្ងៃនេះ ក្រោយពីទទួលបានដំណឹងពីក្រសួងសុខាភិបាល ថា៖លទ្ធផលនៃការធ្វើតេស្តទៅលើសំណាកដែលបានផ្តល់ជាលើកទីបួន នាព្រឹកមិញនេះរបស់យើងខ្ញុំករុណា ខ្ញុំ គឺទទួលបានលទ្ធផល អវិជ្ជមានមេរោគកូវិដ ១៩ ។ យើងខ្ញុំករុណ ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រសួង សុខាភិបាល និងមន្ត្រីវិទ្យាស្ថានប៉ាស្ទ័រទាំងអស់ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការយកសំណាក និងធ្វើការវិភាគយ៉ាងសុក្រិតបំផុត ទន្ទឹមនឹងនេះ យើងខ្ញុំករុណា ខ្ញុំសូម អរព្រះគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ព្រះតេជគុណ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងនាងកញ្ញា ដែលបានផ្ញើរសារសំដែងការព្រួយបារម្ភពីសុខភាពរបស់យើងខ្ញុំករុណា ខ្ញុំ និងលើសពីនេះទៀតគឺបានផ្ញើរសារជូនពរមកយើងខ្ញុំករុណា ខ្ញុំឲ្យរួចផុតពីការឆ្លងមេរោគកូវិដ ១៩ ។ ស្ថិតក្នុងឱកាសនេះ យើងខ្ញុំករុណា ខ្ញុំ សូមប្រគេននិងជូនពរ ព្រះតេជគុណ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងនាងកញ្ញា សូមទទួលបានពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ»។

សូមជម្រាបថា បើគិតត្រឹមម៉ោង ០៧ៈ០០ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា អ្នកមានវីរុសកូវីដ-១៩ ចំនួនសរុប ៣០៤នាក់ (ស្ត្រី ៦២នាក់ និងបុរស ២៤២នាក់) ក្នុងនោះអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៩១នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ចំនួន១៣នាក់៕ដោយ៖ស តារា


ចែករំលែក៖