អន្តរជាតិ៖ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកថ្មី បានថ្លែងបញ្ជាក់ទៅកាន់អ្នកសារព័ត៌មាន កាលពីចន្ទសប្ដាហ៍នេះ នៅឯរដ្ឋ Delaware ពីផែនការរបស់លោកផ្ទាល់ ចំពោះការកសាងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកឡើងវិញ ដែលត្រូវបំផ្លាញដោយជំងឺរាតត្បាត Covid-19។បន្ទាប់ពីលោកបានធ្វើសន្និសិទវីដេអូជាមួយនាយកប្រតិបត្តិកំពូលៗនៃក្រុមហ៊ុនធំៗរបស់អាមេរិករួមទាំង General Motors និង Microsoft លោក បៃដិន បាននិយាយថា លោកនឹងផ្ដល់ការសង្រ្គោះបន្ទាន់ភ្លាមៗ ហើយចាំបាច់ត្រូវធ្វើយ៉ាងឆាប់រហ័សបំផុត សម្រាប់ជនជាតិអាមេរិករាប់លាននាក់ដែលបានបាត់បង់ប្រាក់ចំណូល ឬ បាត់បង់ការងារ។
លោក ចូ បៃដិន បានកត់សម្គាល់ថា ផែនការសេដ្ឋកិច្ចរបស់លោករួមមាន៖ការលើកទឹកចិត្តសម្រាប់អ្នកទិញរថយន្តដែលផលិតក្នុងស្រុក និងផលិតផលផ្សេងទៀតក៏ដូចជាវិនិយោគ ៣០០ ពាន់លានដុល្លារទៅក្នុងឧស្សាហកម្ម និងបច្ចេកវិទ្យាថ្មីៗ។
លើសពីនេះ ប្រធានាធិបតីរូបនេះ ក៏បានសន្យាថានឹងបង្កើតការងារថ្មីចំនួន៣លាននាក់ និងកែលំអលក្ខខណ្ឌការងារដោយដំឡើងប្រាក់ឈ្នួលអប្បបរមាប៉ុន្តែលោកមិនបានបញ្ជាក់ពីទំហំនៃការចំណាយថវិកាដែលបានគ្រោងទុកនោះទេ។
គួរបញ្ជាក់ដែរថា ទោះជាយ៉ាងណាក្ដី ការព្រួយបារម្ភកំពុងកើនឡើង ថាការពន្យាពេលក្នុងការផ្លាស់ប្តូរអំណាចទៅលោក បៃដិន និងអាចបណ្តាលឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច។ ខណៈដែលលោក ដូណាល់ ត្រាំ មិនទាន់បានទទួលស្គាល់លទ្ធផលបោះឆ្នោតប្រធានាធិបតីថ្មីនេះនៅឡើយនោះទេ៕
ដោយ៖សតារា