អន្តរជាតិ៖ ដោយសារតែរងផលប៉ះពាល់នៃជំងឺឆ្លង Covid-19 ពេលនេះបានធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍ AirAsia Japan មួយទៀតហើយសម្រេចដាក់ពាក្យក្ស័យធនកាលពីថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ម្សិលមិញនេះ។នេះបើយោងតាមការចេញផ្សាយរបស់សាព័ត៌មាន NHK ។
បើតាមការផ្លាស់ប្តូរនេះ បានកើតឡើង បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍នេះបាននិយាយកាលពីខែមុនថា ខ្លួនកំពុងបញ្ចប់ប្រតិបត្តិការទាំងអស់របស់ខ្លួននៅពេលដែលតម្រូវការអ្នកដំណើរបានធ្លាក់ចុះ។ ជាមួយគ្នានេះក្រុមហ៊ុនត្រូវប្រឈមនឹងបំណុលប្រហែល ២០៧ លានដុល្លារហើយបានផ្អាករាល់ជើងហោះហើរទាំងអស់។
សូមជម្រាបថា ក្រុមហ៊ុនអាកាសចរណ៍ AirAsia Japan មួយនេះ បានចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ២០១៧ ដែលជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនអាកាសចរណ៍ AirAsia Group ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី និងដៃគូជប៉ុន។
គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ AirAsia Japan បានបើកជើងហោះហើរក្នុងស្រុកចំនួន ៣ ពីអាកាសយានដ្ឋានមួយនៅកណ្តាលប្រទេសជប៉ុន ក៏ដូចជាជើងហោះហើរទៅកាន់តៃប៉ិក្នុងកោះតៃវ៉ាន់៕ដោយ៖ស តារា