ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋនាំគ្នាគប់នឹងវត្ថុរឹងបណ្ដាលឲ្យស្លាប់បន្ទាប់ពីលួចចេកគេបាន២ស្ទង

ចែករំលែក៖

ខេត្តកណ្ដាល៖  ជនសង្ស័យជាមុខសញ្ញាលួចម្នាក់ ត្រូវបានប្រជាពលរដ្ឋជាច្រើននាក់នាំគ្នាដេញគប់នឹងវត្ថុរឹងបណ្ដាលឲ្យត្រូវក្បាលស្លាប់ភ្លាមៗ ព្រោះតែជនសង្ស័យរូបនេះបានលួចចេកពងមាន់របស់គេចំនួន២ស្ទង។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៤និង៤០នាទីនៅចំណុចមាត់ស្រះក្នុងភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យដែលប្រជាពលរដ្ឋគប់ស្លាប់នោះមានឈ្មោះ យ៉េប សុខក្រី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរនេសាទ ជនជាតិខ្មែរអ៊ិស្លាម ស្នាក់នៅលើទូក ក្នុងសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល មានស្រុកកំណើតនៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។
ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់ប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា៖ កាលពីវេលាកើតហេតុខាងលើ ជនសង្ស័យបានលួចចេកពងមាន់របស់អ្នកភូមិចំនួន២ស្ទង ខណៈនោះក៏ផ្អើលដល់ប្រជាពលរដ្ឋជិតខាងដែលមានគ្នាពី៣០ទៅ៤០នាក់ ខ្លះមានកាន់ដុំថ្ម ខ្លះកាន់ដំបងឈើ បាននាំគ្នារត់ដេញគប់ និងវាយជនសង្ស័យ ដោយបានស្រែកថាចោរៗ​ ហើយជនសង្ស័យក៏បានរត់ហែលឆ្លងទឹកទន្លេមកខាងក្រោយរោងចក្រហ្គោលហ្វែម សំដៅចូលក្នុងទឹកស្រះ តែនៅពេលកម្លាំងទៅដល់ឃើញជនសង្ស័យបានដេកស្លាប់នៅជាប់មាត់ស្រះបាត់ទៅហើយ ដោយមានរបួសស្នាមរយះក្បាលហូរឈាម។ បន្ទាប់មក
បានរាយការណ៍ជូនទៅសមត្ថកិច្ចចុះធ្វើការស្រាវជ្រាវនិងធ្វើការពិនិត្យដោយមានការចូលរួមពីផ្នែកជំនាញបច្ចេកទេសខេត្តកណ្តាល ផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុ ប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ អាជ្ញាធរ ហើយពិនិត្យឃើញថាសាកសពមានស្នាមបែកបបូរមាត់ក្រោមខាងស្តាំ ដាច់ដល់សាច់ខាងក្នុង និងមានស្នាមរបួសខាងលើក្បាលប្រវែង១០ស.ម ជម្រៅដាច់ដល់លលាដ៍ ក្រៅពីនេះ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ផ្សេងឡើយ។តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ និងគ្រូពេទ្យបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារប៉ះទង្គិចនិឹងវត្ថុរឹងមុខមុតលើផ្នែកក្បាលធ្ងន់ធ្ងរ។ សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕ ស្អាងជ័យ


ចែករំលែក៖