ព័ត៌មានទាន់ហេតុការណ៍៖

ចេះរកគុកឃើញ! ហ៊ានយកម៉ូតូក្រុមហ៊ុនទៅបញ្ចាំទីបំផុតត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍អូរបែកក្អមធ្វើការស្រាវជ្រាវហើយឃាត់ខ្លួនបានក្រោយពីរូបគេបានធ្វើសកម្មភាពលួចម៉ូតូរបស់ក្រុមហ៊ុនយកទៅបញ្ចាំ។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង១៣និង០០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចក្រុមហ៊ុនលក់គ្រឿងសង្ហារិមអេលីស ផ្លូវបេតុង ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
ជនសង្ស័យមានឈ្មោះ ភិន សុភី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកជញ្ជូនទំនិញឲ្យក្រុមហ៊ុន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះឈ្មោះ មាស ចាន់រដ្ឋា ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនលក់គ្រឿងសង្ហារិមអេលីស ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង សង្កាត់ដង្កោ ខណ្ឌដង្កោ ។
សមត្ថកិច្ចបានឲ្យដឹងថា៖ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៧ និង៣០នាទី ជនសង្ស័យឈ្មោះ ភិន សុភី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកជញ្ជូនទំនិញឲ្យក្រុមហ៊ុន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បានធ្វើសកម្មភាពលួចយក ម៉ូតូ១គ្រឿង ម៉ាកស៊ីរ៉ូសចាស់គ្មានពន្ធ របស់ជនរងគ្រោះយកទៅបញ្ចាំបានប្រាក់៦០ដុល្លារចាយអស់។ ក្រោយពីទទួលពាក្យបណ្តឹងរួច សមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនបានតែម្តង។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖