បាតុករថៃរាប់ពាន់នាក់បាននាំគ្នាដង្ហែក្បួនបាតុកម្មនៅមុខទីស្នាក់ការប៉ូលិសក្នុងទីក្រុងបាងកក ហើយបានវាយប្រហារដោយគប់ថ្នាំពណ៌សម្រាប់លាប ក្រោយពីក្រុមបាតុករ រងការបាញ់ដោយគ្រាប់កៅស៊ូ។
សារព័ត៌មានChannel News Asia នៅថ្ងៃទី១៩ខែវិច្ឆិកា បានផ្សាយថា ក្រោយពីមានក្រុមបាតុករជាច្រើនរងរបួសដោយការប្រើហិង្សាពីកម្លាំងប៉ូលិស ក្រុមបាតុករក៏បានបន្តធ្វើបាតុកម្មប្រឆាំង ដោយវាយប្រហារថ្នាំលាបទៅលើទីស្នាក់ការប៉ូលិស។
មានបាតុករជាង១ម៉ឺននាក់នាំគ្នាធ្វើបាតុកម្មនៅមហាវិថី Ratchaprasong មុខមជ្ឈមណ្ឌលក្នុងក្រុងបាងកក ។ ដឹកនាំក្រុមបាតុករគឺមានរូបតុក្កតាទា ធ្វើពីកៅស៊ូ។ ក្រុមបាតុករមួយចំនួនបានប្រើកាំភ្លើងបាញ់ទឹក គប់ថ្នាំលាបពណ៌ចូលទីស្នាក់ការប៉ូលិស ។ បាតុករមួយរូបបានលើកឡើងថា «យើងត្រូវការពារបាតុករ យើងមិនចង់ឲ្យមានអំពើហិង្សាកើតឡើង នោះឡើយ»។
ក្រុមបាតុករក៏បានលើកស្លាកបដាប្រឆាំងព្រះមហាក្សត្រថៃផងដែរ ដែលជារឿងមួយស្ទើរតែមិនជឿ ដោយថៃមានច្បាប់ហាមប្រាមយ៉ាងតឹងតែងបំផុត គឺពលរដ្ឋមិនអាចប៉ះពាល់ដល់ព្រះមហាក្សត្រឡើយ។ ប៉ុន្តែពេលនេះ ក្រុមបាតុករថៃអស់ការអត់ធ្មត់ចំពោះព្រះមហាក្សត្រ ដោយទាមទារកាត់បន្ថយអំណាចរបស់ព្រះអង្គ កែទម្រង់រដ្ឋធម្មនុញ្ញ។ ចំណែកនាយករដ្ឋមន្ត្រីប្រាយុទ្ធ ត្រូវលាលែងចេញពីតំណែង៕ដោយ៖ធី រីណា