ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ ថ្មីៗនេះ បានសម្រេចបិទមន្ទីរសម្រាកព្យាបាលឯកជន លី ស្រីវីណា របស់លោកវេជ្ជបណ្ឌិត ស៊ុយ ប៊ុនថន ដោយសារមូលហេតុ ពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការផ្តល់សេវាសង្គ្រោះអ្នកជំងឺ ។
មន្ទីរសម្រាកព្យាបាលឯកជន លី ស្រីវីណា មានទីតាំងស្ថិតនៅផ្ទះលេខ៣៣៩A ផ្លូវលេខ១៦៣ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ការសម្រេចបិទមន្ទីរសម្រាកព្យាបាលឯកជន លី ស្រីវីណា នាពេលនេះ គឺ ក្រោយពេលដែលមានហេតុការណ៍ ស្លាប់របស់លោកមេធាវី ទេព ពៅ ។
ប៉ុន្តែ ស្រាប់តែនៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ មន្ទីរសម្រាកព្យាបាលឯកជន លី ស្រីវីណា បានប្រកាសថា នឹងចាប់ផ្តើមបើកទទួលអ្នកជំងឺឡើងវិញ ចាប់ពីវេលាម៉ោង៣រសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះតទៅ ៕ដោយ៖ចេស្តា