ភ្នំពេញ៖ មកដល់សម័យនេះហើយ នៅមាននាយទាហានយកកំហឹងទល់កំហល់ប្រើប្រាស់កាំភ្លើងគំរាមកំហែងអ្នកជិតខាង ដោយគ្មានគិតពីអំពើល្មើសច្បាប់ និងខុសពីវិន័យកងទ័ពសោះ។
យោងតាមពាក្យបណ្តឹងដែលអង្គភាព«នគរដ្រេហ្គន»ទទួលបាននៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា៖ ជនរងគ្រោះមានរូបភាពជនសង្ស័យកាន់កាំភ្លើង និងវីដេអូឃ្លីប បានដាក់ពាក្យបណ្តឹងចូលមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខ ក្នុងបទល្មើសជាក់ស្តែង ។
ក្នុងពាក្យបណ្តឹងបានលើកឡើងថា៖ នាងខ្ញុំឈ្មោះ អ៊ុក ស្រីរិន ជនជាតិ ខ្មែរ សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខៈ ០១០៩៨១១៣៩ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ១៤៧បេ ផ្លូវ២៧១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ សូមគោរពជូន លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌសែនសុខ ជាទីគោរពដ៏ខ្ពង់ខ្ពស់។
សុំប្តឹងពីឈ្មោះ ហ៊ីម សំបូរ ភេទ ប្រុស កើតថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៦២ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ១៤៥ ផ្លូវ២៧១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបច្ចុប្បន្នបម្រើការងារនៅបញ្ជាការដ្ឋានកងទ័ពជើងអាកាស មានឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ឯក បានជេរប្រមាថ សម្លុត និងគំរាមកំហែងសម្លាប់ទាំងគ្រួសារដោយអាវុធខ្លីកាន់ដើរសំដៅមកកន្លែងអ៊ុតសក់នាងខ្ញុំ។
ជនរងគ្រោះបានបញ្ជាក់ថា៖ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២០៖២០នាទី នៅចំណុចមុខ ផ្ទះលេខ២៤៦ ផ្លូវ២៧១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឈ្មោះ ហុីម សំបូរ ដែលមានដីផ្ទះជិតផ្ទះនាងខ្ញុំ បានដើរកាន់អាវុធខ្លីមិនស្គាល់ម៉ាកចំនួន ០១ (មួយ) ដើម កាន់ដើរកាត់មុខផ្ទះនាងខ្ញុំ ឆ្ពោះទៅហាងអ៊ុតសក់នាងខ្ញុំយីហោ( ជី ជី សាឡន ) ដោយបានធ្វើការសម្លុត និងគំរាមកំហែងសម្លាប់ទាំងគ្រួសារដោយអាវុធខ្លី។ នាងខ្ញុំសូមបញ្ជាក់ផងដែរថា ឈ្មោះ ហុីម សំបូរ តែងតែរករឿងឈ្លោះជាមួយក្រុមគ្រួសារនាងខ្ញុំជាញឹកញាប់ ចាប់តាំងពីនាងខ្ញុំបានសាងសង់ផ្ទះ ល្វែងអំពីថ្មរួចមក ឈ្មោះនេះតែងតែមិនពេញចិត្តនឹងក្រុមគ្រួសារនាងខ្ញុំ។ លើសពីនេះទៅទៀត ឈ្មោះ ហ៊ីម សំបូរ នេះ តែងតែកាន់អាវុធខ្លីដើរគំរាមកំហែងអ្នកជិតខាងណាដែលបានឈ្លោះជាមួយគេ ហើយសម្លុតនិងបានបោះពាក្យសម្តីថា អ្ហែងធ្វើមិនឈ្នះអញទេ ដែលទង្វើទាំងនេះគឺជាអំពើដែលខុសនឹងផ្លូវច្បាប់ទាំងស្រុង ព្រោះឈ្មោះខាងលើនេះក្នុងនាមជាសមត្ថកិច្ចផងដែរ ដឹងច្បាប់ហើយនៅតែប្រព្រឹត្តខុស។ ទង្វើទាំងអស់នេះធ្វើឱ្យនាងខ្ញុំរស់នៅមិនបានសុខ ដោយការគំរាមកំហែងថាសម្លាប់ទាំងគ្រួសារ ហើយបុរសនោះតែងនិយាយថា«ដោយសុខចិត្តស្លាប់ផងដែរ»។
សេចក្តីដូចបានជម្រាបជូនខាងលើសូមលោកមេបញ្ជាការមេត្តាពិនិត្យ និងជួយរកយុត្តិធម៌ជូននាងខ្ញុំ ស្របតាមនីតិវិធីច្បាប់ដោយក្ដីអនុគ្រោះ។
ពាក់ព័ន្ធករណីខាងលោក ព្រុំ ស័ក្ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខ មិនអាចទាក់ទងបានទេនៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកានេះ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
ទោះជាយ៉ាងណាក៏ដោយ សមត្ថកិច្ចមានសិទ្ធិឃាត់ខ្លួនជនបង្កជានាយទាហានតាមនីតិវិធី និងការពារបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន មិនត្រូវឱ្យអ្នកមានអាវុធ មានអំណាចប្រើកាំភ្លើងតាមអំពើចិត្តគំរាម ជេរសម្លុតអ្នកជិតខាងតាមអំពើចិត្តឡើយ។
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រាប់អង្គភាព«នគរដ្រេហ្គន»ថា ៖ លោកនឹងចាត់ចែងរឿងនេះ និងសួរនាំទៅសមត្ថកិច្ចមូលដ្ឋានជាបន្ទាន់ផងដែរ៕
ដោយ៖ សុខ ខេមរា