អន្តរជាតិ៖ កាលពីថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ សភាថៃ បានបោះឆ្នោតបដិសេធសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញាដែលស្នើដោយសង្គមស៊ីវិល ព្រោះមានតែសេចក្តីព្រាងច្បាប់២ប៉ុណ្ណោះដែលនឹងត្រូវពិភាក្សបន្តគឺសេចក្តីព្រាងរបស់រដ្ឋាភិបាល និងបក្សប្រឆាំងដែលមិនមានចែងពីការកែទម្រង់ស្ថាប័នមហាក្សត្រ។ ខណៈដែលក្រុមបាតុករ ការបដិសេធសេចក្តីព្រាងច្បាប់នេះ គឺនាំឲ្យពួកគេគ្មានជម្រើសផ្សេងក្រៅពីត្រូវបន្តធ្វើបាតុកម្មរហូតសម្រេចគោលបំណងរបស់ខ្លួន។
បើយោតាមសារព័ត៌មាន The Nation បានចុះផ្សាយថា សេចក្តីព្រាងច្បាប់របស់អង្គការ iLaw ដែលត្រូវបានហៅថា «សេចក្តីព្រាងប្រជាជន» គាំទ្រដោយមនុស្សជាង១សែននាក់ ត្រូវបានសភាថៃបដិសេធក្នុងការបោះឆ្នោតក្រោយពីបានអានចប់សព្វគ្រប់នៅថ្ងៃទី១៨ខែវិច្ឆិកា។ ព្រោះសេចក្តីព្រាងច្បាប់នេះ ទទួលបានការគាំទ្រសឹងតែទាំងអស់ពីតំណាងរាស្ត្រគាំទ្រប្រជាធិបតេយ្យ តែត្រូវបដិសេធ និងអនុប្បវាទដោយសមាជិកព្រឹទ្ធសភាសឹងតែទាំងអស់។
សូមជម្រាបថា សេចក្តីព្រាងច្បាប់របស់iLaw ទទួលបានសំឡេគាំទ្រ២១២សំឡេងប្រឆាំង១៣៨ និងអនុប្បវាទចំនួន៣៦៩។ ចំណែកសេចក្តីព្រាងច្បាប់របស់រដ្ឋាភិបាលបានសំឡេងគាំទ្រ៦៤៧ និងសំឡេងប្រឆាំង១៧រីឯសេចក្តីព្រាងច្បាប់របស់បណ្តុំបក្សប្រឆាំងទទួលសំឡេងគាំទ្រ៥៧៦ និងសំឡេប្រឆាំង២១។ខណៈសេចក្តីព្រាងច្បាប់របស់បក្សកាន់អំណាច ស្នើឲ្យបង្កើតគណៈកម្មការមួយដែលមានសមាជិក ជ្រើសរើសដោយការបោះឆ្នោតនិងតែងតាំង ព្រោះគណៈកម្មការនេះមានរយៈពេល១២០ថ្ងៃក្នុងការសសេររដ្ឋធម្មនុញ្ញថ្មី។
ដោយឡែកសេចក្តីព្រាងច្បាប់របស់គណបក្សប្រឆាំងវិញ ស្នើបង្កើតគណៈកម្មការដូចគ្នា ប៉ុន្តែសមាជិកទាំងអស់ត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត និងត្រូវការរយៈពេល២៤០ថ្ងៃក្នុងការសសេររដ្ឋធម្មនុញ្ញថ្មី។ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់សេចក្តីព្រាងទាំង២នេះ ពុំបានសើរើជំពូកទី១និងទី២ នៃរដ្ឋធម្មនុញ្ញថៃបច្ចុប្បន្នឡើយ។ ជំពូកទី១កំណត់ពីបញ្ញត្តិទូទៅចំណែកជំពូកទី២ លើកឡើងពីព្រះមហាក្សត្រ។ ហេតុនេះហើយ ទើបបាតុករចោទរដ្ឋសភាថៃថា រារាំងមិនឲ្យមានកំណែទម្រង់ ដោយហេតុថាកំណែទម្រង់របបរាជានិយមថៃជាចំណុចស្នូលនៃការទាមទាររបស់ពួកគេ។
បើតាមមេដឹកនាំបាតុកម្មលោកJatupat Boonpattarasaksa លើកឡើងថា លោកនឹងមិនចូលរួមក្នុងគណៈកម្មការផ្សះផ្សាជាតិដែលរៀបចំដោយសភាថៃនោះឡើយ។ បន្ថែមពីនេះ លោក បានបញ្ជាក់ទៀតថា សេចក្តីសម្រេចចិត្តរបស់សភា ជាឱកាសចុងក្រោយក្នុងការយោគយល់គ្នារវាងបាតុករ និងរដ្ឋាភិបាល។ ចំណែកក្រុមបាតុករប្រឆាំងរដ្ឋាភិបាល Free Youth បានចោទប្រកាន់តំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភា ថា កំពុងបម្រើបុគ្គលផ្តាច់ការដោយ មិនអើពើនឹងសេចក្តីអំពាវនាវរបស់ប្រជាជន។
គួរបញ្ជាក់ថា ខណៈដែលសភាកំពុងធ្វើការបោះឆ្នោតនៅថ្ងៃទី១៨ វិច្ឆិកាបាតុករបានជួបជុំគ្នានៅមុខទីស្នាក់ការប៉ូលិស ទាមទារឲ្យប៉ូលិសចេញមុខទទួលខុសត្រូវចំពោះការបំបែកបាតុករ នៅថ្ងៃទី១៧ វិច្ឆិកាដែលបណ្តាលឲ្យមនុស្ស៥៥នាក់រងរបួស ដែលក្នុងនោះ៦នាក់កំពុងសម្រាកក្នុងមន្ទីរពេទ្យ។ការជួបជុំនៅថ្ងៃទី១៨ ខែវិច្ឆិកាត្រូវបានរំសាយដោយសន្តិវិធី នៅម៉ោង៨យប់ប៉ុន្តែក្រុមបាតុករអះអាងថា នឹងជួបជុំជាថ្មីនៅថ្ងៃទី២៥ វិច្ឆិកា នៅមុខការិយាល័យទ្រព្យសម្បត្តិព្រះមហាក្សត្រ៕ដោយ៖ស តារា