ខេត្តបាត់ដំបង៖ ពលរដ្ឋបានផ្ដល់ដំណឹងទៅសមត្ថកិច្ចជំនាញស្រុកមោងឫស្សីនិងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងថា មាន ក្រុមយុវជនវ័យក្មេងមួយក្រុមបានជិះម៉ូតូធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវសាធារណៈ ដែលអ្នកទាំងនោះសង្ស័យធ្ធ្វើដំណើរមក ពីរាជធានីភ្នំពេញ។ ភ្លាមនោះត្រូវកម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ធ្វើការសហការជាមួយនគរបាលប៉ុស្ថិ៍រដ្ឋបាលនានាចុះតាមបង្រ្កាបរហូតឃាត់ខ្លួនបាន៦នាក់ខណៈដែលក្រុមនេះជិះម៉ូតូចំនួន៣គ្រឿងធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិពលរដ្ឋនៅតាមដងផ្លូវនៅចំណុចឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
លោកអធិការនគរបាលស្រុកបានឲ្យដឹងថាករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោង៣និង១០នាទី រសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅខាងលិចស្ពានដើមក្រសាំង ក្នុងក្រុមទី០១ ភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សីខេត្តបាត់ដំបង ដោយជនសង្ស័យប្រើប្រាស់ម៉ូតូចំនួន ០៣គ្រឿងមនុស្សចំនួន ០៦នាក់ ធ្វើសកម្មភាពឆក់យកថង់ប្រាក់របស់ពលរដ្ឋឈ្មោះ ភេន ផល ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង,នៅពេលដែលជនរងគ្រោះកំពុងធ្វើដំណើរនៅលើផ្លូវជាតិក្នុងនោះពួកគេយកបានប្រាក់រៀលចំនួន១.១៩៥.០០០រៀល(មួយលានដប់ប្រាំបួនម៉ឺនប្រាំពាន់រៀល)រួចជិះគេចខ្លួនបាត់ ។
លោកអធិការបានបន្តទៀតថា៖ក្រោយពី បានទទួលព័ត៌មានពីពលរដ្ឋភ្លាមក្នុងនាមលោកជាអធិការនគរបាលស្រុកមោងឫស្សីក៏បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានជ្រាបនិងស្នើសុំ គោលការណ៍អនុវត្ត ។ ក្រោយទទួលបានបទបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការនិងលោកស្នងការរងទទួលផែន លោកក៏បានចាត់វិធានការជាបន្ទាន់ដោយលោកបានដឹកនាំកម្លាំងនគរបាលអន្តរាគមន៍និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ព្រមទាំងកម្លាំងផ្នែកជំនាញ ចេញប្រតិបត្តិការភ្លាមៗ រហូតដល់វេលាម៉ោង៣និង ៣៩នាទីរសៀលថ្ងៃដដែល សមត្ថកិច្ចនគរបាលស្រុកមោងឫស្សី ធ្វើការឃាត់ខ្លួនបានក្រុមជនសង័្សយដែលធ្វើសកម្មភាព(ឆក់ទ្រព្យសម្បត្តិ)នេះចំនួន០៦នាក់ព្រមទាំងដកហូត បានសម្ភារភស្តុតាងមួយចំនួន ។
-ជនសង័្សយទាំង៦នាក់រួមមាន៖
ទី១-ឈ្មោះ ហ្វាត អ៉ីណេស ហៅឆែប ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅភូមិចុងខ្នុរខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ទី២-ឈ្មោះ ជួង ភក្តី ភេទប្រុស អាយុ១៨ឆ្នាំមានទីលំនៅភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ទី៣-ឈ្មោះ សាតភារ៉ុង ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ទី៤-ឈ្មោះ ផាន រ៉ាវី ភេទប្រុស អាយុ១៥ឆ្នាំមានទីលំនៅភូមិផ្សារសាន់ហាន់ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ទី៥-ឈ្មោះ ផាន រ៉ាវីន (ហៅជ័យ) ភេទប្រុស អាយុ១៤ឆ្នាំរស់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ទី៦-ឈ្មោះ រតនា វិសាលសិដ្ឋ ភេទប្រុស អាយុ១៥ឆ្នាំមានទីលំនៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បន្ទាប់មកសមត្ថកិច្ចក៏បានដកហូតវត្ថុតាងបានមាន-ប្រាក់រៀលចំនួន១.៥០០.០០០រៀល(មួយលានហាសិបម៉ឺនរៀល) ម៉ូតូចំនួន០៣ គ្រឿងទូរស័ព្ទដៃចំនួន០២គ្រឿង-ខ្សែដៃកាឡៃចំនួន០១ខ្សែ ខ្សែកប្លាទីនចំនួន ០១ ខ្សែ និងចិញ្ចៀនប្លាទីន ចំនួន ០១ វង់។
លោកវរសេនីយ៍ឯក ស គឹមឡុង បានបញ្ជាក់ថាក្រុមជនសង្ស័យខាងលើនេះ បានចេញដំណើរពីរាជធានីភ្នំពេញ ហើយមានគោលបំណង ធ្វើដំណើរទៅ កាន់ខេត្តសៀមរាប សង្ស័យអត់លុយបន្តទៅខេត្តសៀមរាម ក៏ ធ្វើសកម្មភាពក្នុងទឹកដីស្រុកមោងឫស្សី ។ ក្នុងពេលធ្វើដំណើរតាមផ្លូវក្រុមគេបានធ្វើសកម្មភាព(ឆក់យកទ្រព្យសម្បត្តិ)ពីអ្នកធ្វើដំណើរតាមដងផ្លូវដែលក្នុងនោះបានធ្វើសកម្មភាពឆក់យកបានប្រាក់ចំនួន៧០០.០០០រៀល(ចិតសិបម៉ឺនរៀល)ពីស្រ្តីរងគ្រោះម្នាក់នៅចំណុចភូមិសាស្រ្តខេត្តពោធិ៍សាត់ រួចក៏បន្តដំណើរ តាមដងផ្លូវជាតិលេខ៥៧មកដល់ក្នុងទឹកដីខេត្តបាត់ដំបង ក៏បានធ្វើសកម្មភាពទៅក្នុងទឹកដីស្រុកមោងឫស្សីម្តងទៀត។ បន្ទាប់មកសមត្ថកិច្ចជំនាញនគរបាលស្រុកបានសហការជាមួយនគរបាលជំនាញខេត្តបាត់ដំបងបានចុះបង្រ្កាបនិងឃាត់ខ្លូនបានទាំង៦នាក់តែម្តង។
លោកអធិការបានបញ្ជាក់បន្ថែមថា កិច្ចប្រតិបត្តិការរបស់នគរបាលដែលអនុវត្តបានជោគជ័យនៅពេលនេះគឺស្ថិតក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការ លោកស្នងការរងទទួលផែនជំនាញ និងជាពិសេសបានការចូលរួមផ្តល់ព័ត៌មានទាន់ពេលពីប្រជាពលរដ្ឋនៅមូលដ្ឋានដែលកន្លងមកសមត្ថកិច្ចបានធ្វើការផ្សព្វផ្សាយលេខទូរស័ព្ទយ៉ាងទូលំទូលាយហើយប្រជាពលរដ្ឋលោកទទួលយកសម្រាប់ទាក់ទងទាន់ពេលនៅក្នុងករណី មានហេតុការណាមួយកើតឡើងដូចករណីនេះស្រាប់។ នៅពេលនេះសមត្ថកិច្ចនគរបាលស្រុកបានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងមកកាន់ការិយាល័យជំនាញដើម្បីរៀបចំបញ្ជូនបន្តទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមច្បាប់៕ដោយ៖ស សារ៉េត