ភ្នំពេញ៖ បុរសពីរនាក់បានរងរបួសធ្ងន់និងស្រាលត្រូវបានប្រជាពលរដ្ឋហៅរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗកាលពីវេលាម៉ោង ៩ និង៥៨នាទីយប់ ថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២០ ស្ថិត នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ (កំពត 1J-7640)បើកបរដោយបុរសម្នាក់និងរួមដំណើរដោយបុរសម្នាក់ទៀតអង្គុយនៅខាងក្រោយមិនស្គាល់អត្តសញ្ញាណបានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាកអូឌីមួយគ្រឿងបើកបរដោយបុរសម្នាក់រួមដំណើរក្នុងរថយន្តមានមនុស្សប្រុសស្រីពីរទៅបីនាក់ទៀតមិនស្គាល់អត្តសញ្ញាណបានធ្វើដំណើរស្របទិសដៅគ្នាមកពីខាងក្រោយក្នុងល្បឿនលឿនហើយក៏ចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹងបណ្ដាលធ្វើឲ្យបុរស២នាក់បានរងរបួសធ្ងន់ស្រាលត្រូវបានប្រជាពលរដ្ឋហៅរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយពិនិត្យមើលស្ថានភាពមិនប៉ះពាល់ដល់ទ្រព្យសម្បត្តិរដ្ឋទើបសមត្ថកិច្ចឲ្យតំណាងខាងភាគីម៉ូតូធ្វើការចរចាគ្នាជាមួយម្ចាស់រថយន្ត។មួយសន្ទុះក្រោយមកភាគីខាងរថយន្តព្រមចេញថ្លៃខូចខាតនិងព្យាបាលរបួសចំនួន៥០០ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕ ផេង ភាព