អន្តរជាតិ៖ ក្នុងរយៈពេលត្រឹមតែ ២៤ម៉ោងដំបូងប៉ុណ្ណោះ សៀវភៅថ្មីសន្លាងរបស់អតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ដែលមានចំណងជើង «A Promised Land» លក់ដាច់ជិត៨៩ម៉ឺនក្បាលក្នុងសហរដ្ឋអាមេរិក និងកាណាដា។ ជាមួយគ្នានេះ សៀវភៅនេះ អាចនឹងក្លាយជាកំណត់ប្រវត្តិ(memoir) ប្រធានាធិបតីលក់ដាច់បំផុតក្នុងប្រវត្តិសាស្ត្រទំនើបរបស់អាមេរិក។
បើតាមម្ចាស់រោងពុម្ព Crown Publishing លោក David Drake ខណៈសៀវភៅថ្មីរបស់លោក បារ៉ាក់ អូបាម៉ា បំបែកកំណត់ត្រាំថ្មីសម្រាប់រោងពុម្ពលោក។ ជាក់ស្តែងសម្រាប់សៀវភៅដែលលក់ដាច់ ៨៩ម៉ឺនក្បាលនេះ គឺរាប់បញ្ចូលទាំង ការកម្ម៉ង់ទិញជាមុន, សៀវភៅអេឡិចត្រូនិក(e-book) និងសៀវភៅជាសំឡេង (audio book) ។ «យើងភ្ញាក់ផ្អើលជាមួយលទ្ធផលលក់ថ្ងៃដំបូង»។
បើគិតត្រឹមថ្ងៃទី ១៨ ខែវិច្ឆិកាថ្មីៗនបវ សៀវភៅ «A Promised Land» លក់ដាច់លំដាប់លេខ១ លើវេបសាយ Amazon.com និង Barnes & Noble.com ។ លោក James Daunt នាយកប្រតិបត្តិ Barnes & Noble អះអាងថា ច្រវាក់ផលិតកម្មផ្សារទំនើប អាចលក់ដាច់សៀវភៅ៥ម៉ឺនក្បាលយ៉ាងងាយ ក្នុងថ្ងៃដំបូង ហើយលោកសង្ឃឹមថា ឈានដល់ជិត៥០ម៉ឺនក្បាល ក្នុងពេល១០ថ្ងៃខាងមុខ។
ដោយឡែកសៀវភៅចុងក្រោយ ដែលកាន់កំណត់ត្រានេះ គឺជាសៀវភៅរបស់អ្នកស្រី មីឈែល អូបាម៉ា ដែលមានចំណងជើង«Becoming»។ សៀវភៅនេះ លក់ដាច់៧២៥,០០០ ក្បាល នៅពេលដាក់លក់ថ្ងៃដំបូង ហើយបច្ចុប្បន្នលក់អស់ ១០លានដុល្លារ នៅទូទាំងពិភពលោក ចាប់តាំងពីចេញផ្សាយឆ្នាំ២០១៨ មក។
បើធៀបនឹងសៀវភៅកំណត់ប្រវត្តិ របស់ប្រធានាធិបតីមុនៗរបស់អាមេរិកសៀវភៅលោក Bill Clinton ចំណងជើង «My Life» លក់ដាច់៤០ម៉ឺនក្បាលក្នុងថ្ងៃដំបូង។ ចំណែកសៀវភៅ «Decision Points» របស់លោកGeorge W Bush លក់ដាច់ ២២ម៉ឺនក្បាលថ្ងៃដំបូង។
គួរបញ្ជាក់ថា «A Promised Land» មានន័យសំដៅលើដែនដីដែលក្តីសុបិន និងសង្ឃឹមអាចក្លាយជាការពិត។ ជាឧទាហរណ៍ មនុស្សទៅកាន់សហរដ្ឋអាមេរិក ដើម្បីស្វែងរក «The Promised Land»។ សៀវភៅ «A Promised Land» កម្រាស់ ៧៦៨ទំព័ររបស់លោក អូបាម៉ា មាន ៧ ផ្នែកដែលសរុប២៧ជំពូក។ ក្រៅពីសៀវភៅថ្មីនេះ អតីតប្រធានាធិបតីអូបាម៉ា ក៏មានសៀវភៅលក់ដាច់២ទៀតផងដែរ រួមមាន«Dreams From My Father» និង « The Audacity of Hope»៕
ដោយ៖ស តារា