ខេត្តស្វាយរៀង៖ លោកហែម ពិសិដ្ឋ អភិបាលរងតំណាងលោកអភិបាលខេត្តស្វាយរៀងបានអញ្ជើញចុះចែកពូជដំណាំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ដល់ជូនប្រជាកសិករដែលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន១៥២គ្រួសារមកពី៤ឃុំ គឺឃុំមុខដារ ឃុំសម្បត្តិមានជ័យ ឃុំចន្រ្តី ម្រាម និងឃុំសំបួរក្នុងស្រុករមាសហែក នៅថ្ងៃសុក្រ ៥ កើត ខែមិគសិរ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្នុងឱកាសនោះក៏មានការចូលរួមពីលោកស៊ូ ម៉ុល អភិបាលស្រុក លោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកសុខ ចាន់ថន ប្រធានការិយាល័យផ្សព្វផ្សាយ អាជ្ញាធរឃុំ មន្ត្រីពាក់ព័ន្ធ និងបងប្អូនប្រជាកសិករជាច្រើនរូបផងដែរ។
លោកហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែយកចិត្តទុកដាក់គ្រប់ពេលវេលានូវសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។
លោកបន្តថា ខ្ញុំសូមសម្តែងនូវការសោកស្តាយចំពោះការបាត់បង់និងខូចខាតផលដំណាំកសិផលជាមួយបងប្អូនប្រជាកសិករដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងនារយៈពេលកន្លងមក ជាពិសេសនៅស្រុករមាសហែក។
ទន្ទឹមនេះក្នុងនាមអាជ្ញាធរមូលដ្ឋាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន តាមរយៈក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទដែលបាននាំយកនូវពូជដំណាំដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹត្តបណ្ឌិត ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តការប្រុងប្រយ័ត្ន និងចូលរួមទាំងអស់គ្នាដើម្បីការពារខ្លួនព្រមទាំងក្រុមគ្រួសារនិងសហគមន៍ពីជំងឺកូវីដ-១៩ ព្រោះមកដល់ពេលនេះជំងឺនេះនៅបន្តរីករាលដាលយ៉ាងខ្លាំង និងពុំទាន់មានវ៉ាក់សាំងការពារនៅឡើយទេ ។
លោកអភិបាលរងខេត្តក៏បានអំពាវនាវឱ្យបងប្អូនជនរួមជាតិត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ ចូលរួមពង្រឹងនូវភូមិឃុំមានសុវត្ថិភាព និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន ជាពិសេសសូមបន្តរួមគ្នាការពារសន្តិភាព ដែលនេះជាកិច្ចការសំខាន់ និងជាមូលដ្ឋានចាំបាច់សម្រាប់យើងរួមបន្តអភិវឌ្ឍន៍ប្រទេសយើងទៅមុខទៀត៕
ដោយ៖យឹម សុថាន