ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ម្នាក់ ទើបមកពីអាមេរិក និងអ្នកជាសះស្បើយម្នាក់ គឺអគ្គលេខាធិការងក្រសួងកសិកម្ម លោក សរ ចិត្រា

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីម្នាក់ ដែលជាអ្នកធ្វើដំណើរមកពីអាមេរិក និងអ្នកជាសះស្បើយម្នាក់ផងដែរ គឺលោក សរ ចិត្រា អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលឆ្លងកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ថ្ងៃទី០៣ ខែវិច្ឆិកា។
អ្នកឆ្លងកូវីដ-១៩ថ្មីម្នាក់នោះ គឺជាបុរសជនជាតិខ្មែរ អាយុ៥៩ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តសំណាករបស់គាត់ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់សម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា ចំណែកលោក សរ ចិត្រា អាយុ៤៧ឆ្នាំ ដែលជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ០៣ វិច្ឆិកា បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានកូវីដ-១៩ ចំនួន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕

ដោយ៖សិលា


ចែករំលែក៖