ព័ត៌មានទាន់ហេតុការណ៍៖

បុរសអាមេរិកាំងម្នាក់បញ្ចេញកំហឹងជាមួយទូ ATM របស់ធនាគារភ្នំពេញពាណិជ្ជ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានឃាត់ខ្លួនបុរសម្នាក់ ឈ្មោះ CHRISTOPER TERENCE BOWMAN អាយុ៤៥ឆ្នាំ ជនជាតិអាមេរិកាំង នៅចំណុចសណ្ឋាគារអាខ្វារៀស ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ក្រោយធ្វើសកម្មភាពវាយកម្ទេចទូATM របស់ធនាគារភ្នំពេញពាណិជ្ជ ។

សមត្ថកិច្ចបានបញ្ជាក់នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ថា កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ដែលជាប្រធានសាខាធនាគារភ្នំពេញពាណិជ្ជ សាខាផ្សារថ្មី ពាក់ព័ន្ធករណី បំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ធនាគារភ្នំពេញពាណិជ្ជ ទូATM នៅត្រង់ចំណុចផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ១១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

ឆ្លងតាមការសាកសួរ , ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានវាយបំផ្លិចបំផ្លាញម៉ាស៊ីន និងទ្វារទូ ATM របស់ធនាគារភ្នំពេញពាណិជ្ជប្រាកដមែន ។ 

បច្ចុប្បន្ន កម្លាំងការិយាល័យជំនាញ បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕ ដោយ៖ចេស្តា

 


ចែករំលែក៖