ព័ត៌មានទាន់ហេតុការណ៍៖

របួសបាក់ជើងម្ខាង ករណីគ្រោះថ្នាក់ចរាចរណ៍ នៅឃុំឈើតុំ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ យុវជនម្នាក់បានរងរបួសបាក់ជើងម្ខាងករណីគ្រោះថ្នាក់ចរាចរណ៍ ដោយសារអ្នកជិះម៉ូតូ បុករថយន្តខណៈកំពុងធ្វើដំណើរច្រាស់ទិសគ្នា ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងនៅវេលាម៉ោង៦ និង១៥នាទី ព្រលប់ថ្ងៃសុក្រ ៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវលំក្រាលក្រួសក្រហម១ខ្សែ ត្រង់ចំណុចក្បែរស្ពានតាមោគស្ថិតនៅភូមិទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

សេចក្តីរាយការណ៍នានាជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងរបួសឈ្មោះ ទុំ វិឃិ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិកប៉ាស់លើ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ធ្វើដំណើរដោយម៉ូតូ១គ្រឿងម៉ាក វីនន័រ ពណ៌ខៀវ គ្មានស្លាកលេខ ធ្វើដំណើរក្នុងទិសដៅពីត្បូងឆ្ពោះទៅទិសខាងជើង។ លុះមកដល់កន្លែងកើតហេតុបានបុកជាមួយរថយន្ត១គ្រឿង នៅគ្រាកំពុងធ្វើចរាចរណ៍ច្រាស់គ្នា បណ្ដាលឲ្យភាគីអ្នកជិះម៉ូតូបាក់ជើងខាងឆ្វេង ចំណែកភាគីខាងរថយន្តបានបន្ថែមល្បឿនបើកគេចបាត់ ។

ប្រភពដដែលបញ្ជាក់ទៀតថា ភ្លាមៗនោះជនរងរបួសត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។ ចំណែកវត្ថុតាងម៉ូតូជនរងរបួស យកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលឈើតុំ ៕ដោយ៖បុឹម ពិន


ចែករំលែក៖