ក្រុមអ្នកគាំទ្ររដ្ឋាភិបាលនិងព្រះមហាក្សត្រថៃ មិនបានមើលពីការខឹងសម្បាររបស់ពលរដ្ឋចំពោះរដ្ឋាភិបាល និងព្រះមហាក្សត្រនោះឡើយ ផ្ទុយទៅវិញបែជាចោទប្រកាន់ បរទេសនៅពីក្រោយការធ្វើបាតុកម្មប្រឆាំងទៅវិញ។
ក្រោយមានបាតុកម្មប្រឆាំងរដ្ឋាភិបាល និងព្រះមហាក្សត្រ ទាមទារកែទម្រង់ ក្រុមអ្នកគាំទ្រព្រះមហាក្សត្រថៃ ថាមានឥទ្ធិពលពីខាងក្រៅដើម្បីបំផ្លាញ សុខសន្តិភាពនៅក្នុងប្រទេសថៃ។
ក្រុមអ្នកគាំទ្រព្រះមហាក្សត្រថៃ បានលើកឡើងថា ដោយសារតែបុគ្គលដែលរស់នៅក្រៅប្រទេស មានចេតនាបំផ្លាញរបបរាជានិយម ក្នុងប្រទេសតំបន់អាស៊ានមួយនេះ។ ផ្ទុយទៅវិញក្រុមបាតុករបានលើកឡើងថា ការប្រកាសខាងលើរបស់ក្រុមគាំទ្រគ្រាន់តែជាហេតុផលដើម្បីគេចពីការពិតតែប៉ុណ្ណោះ។
ចាប់តាំងពីរបបរាជានិយម បានបង្កើតឡើងនៅឆ្នាំ១៩៣២ មកទល់ពេលនេះ ថៃនៅតែមិនអាច ឆ្លើយសំណួរ សួរថា អ្នកណាជាអ្នកដឹកនាំនយោបាយប្រទេសជាតិយ៉ាងពិតប្រាកដ។ តើបច្ចុប្បន្ន ព្រះមហាក្សត្រ មន្ត្រីរដ្ឋាភិបាលកើតចេញពីការបោះឆ្នោត ឬកម្លាំងយោធាជាអ្នកដឹកនាំប្រទេស?
តាំងពីឆ្នាំ១៩៣២មកទល់ពេលនេះ មានរដ្ឋប្រហារដោយយោធាដល់ទៅ១២លើកនៅក្នុងប្រទេសថៃ តាំងពីផ្លាសប្តូររបបរាជានិយម។ ការធ្វើរដ្ឋប្រហារចុងក្រោយបំផុតគឺនៅឆ្នាំ២០១៤ ទម្លាក់លោកស្រីយីងឡាក់ និងនៅឆ្នាំ២០០៦ ទម្លាក់លោកថាក់ស៊ី ស៊ីណាវ៉ាត្រា។
បងប្អូនត្រកូល ស៊ីណាវ៉ាត្រា បានដឹកនាំប្រទេសថៃរីកចំរើនយ៉ាងខ្លាំងពិសេសគឺនៅតំបន់ជនបទ។ ទាំងនោះហើយបានជាឲ្យប្រជាប្រិយភាពរបស់ត្រកូលស៊ីណាវ៉ាត្រា កើនឡើងខ្ពស់ ទទួលបានការគោរពស្រឡាញ់ខ្លាំងឡើងៗ ប៉ះពាល់ដល់ក្រុមអភិជន នៅក្នុងប្រទេសថៃ៕ដោយ៖ធី រីណា