ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យបានលេបត្របាក់ផ្ទះប្រជាពលជាច្រើនខ្នងនៅខណ្ឌឫស្សីកែវ

ចែករំលែក៖

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង បង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងដើម្បីធ្វើអន្តរាគមន៍។

   ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២រសៀល ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ត្រង់ចំណុចផ្ទះប្រជាពលរដ្ឋជាប់របងឃ្លាំងស្រាបៀរហ្គេនស៍បឺគ(Ganzberg)ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញផ្សែងហុយនៅខាងក្នុង រហូតក្លាយជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបំផ្លាញផ្ទះបងប្អូនប្រជាពលរដ្ឋដល់ទៅ៤ខ្នង តែមិនបណ្តាលឱ្យនរណាម្នាក់រងរបួសនោះទេ។

   ក្នុងហេតុការណ៍នេះអគ្គិភ័យបានបំផ្លាញផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន៤ខ្នងរួមមាន៖

ទី១-ផ្ទះគ្មានលេខ មានម្ចាស់ឈ្មោះណូ សំបូរ ហៅម៉ាប់ ភេទស្រី អាយុ៦២ឆ្នាំ ជនជាតិខ្មែរ ខូចខាតទាំងស្រុង។

ទី២- ផ្ទះគ្មានលេខ មានម្ចាស់ឈ្មោះ សុខ ស្រីពៅ ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ខូចខាត៣០ភាគរយ។

ទី៣- ផ្ទះលេខ២០ មានម្ចាស់ឈ្មោះ ឡុង វ៉ាន់សឿន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ ខូចខាត៣០ភាគរយ។

ទី៤-ផ្ទះលេខ២៥០ មានម្ចាស់ ឈ្មោះ សុខ ម៉ាន ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ ខូចខាតទាំងស្រុង។

 លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មានឲ្យដឹងថា​ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម​ លោក​ក៏បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យរបស់នគរបាលចំនួន១០គ្រឿងបានចេញមកធ្វើអន្តរាគមន៍។

   លើសពីនេះទៀត លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តថា នៅក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន១៤គ្រឿង ប្រើទឹកអស់ ១០ឡាន។ ក្នុងនោះ រថយន្តការិយាល័យបង្ការ និងពន្លត់អគ្គិភ័យចំនួន១០គ្រឿង ប្រើទឹកអស់ចំនួន៦ឡាន, រថយន្តអគ្គិភ័យក្រុមហ៊ុន សាវីមិច ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៤ឡាន, រថយន្តពន្លត់អគ្គិភ័យស្រាបៀរ ហ្គេនស៍បឺគ(Ganzberg)​ ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤ឡាន។ 

   ក្នុងករណីនេះ កម្លាំងសមត្ថកិច្ចពន្លត់ចប់នៅវេលាម៉ោង៣រសៀលថ្ងៃខែឆ្នាំដដែល តែមូលហេតុនៃការឆាបឆេះកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវ៕ ដោយ៖រ៉ារ៉ា


ចែករំលែក៖