ភ្នំពេញ៖ ដើមត្រសេកមួយដើមធំបានបាក់រលំកាត់ទទឹងថ្នល់ដោយមិនមានមេឃភ្លៀងឬខ្យល់កន្ត្រាក់អ្វីនោះទេ តែមិនប៉ះពាល់ដល់ប្រជាពលរដ្ឋធ្វើដំណើរនោះឡើយ គឺគ្រាន់តែមានការកកស្ទះដល់ការធ្វើចរាចរណ៍តិចតួចប៉ុណ្ណោះ។
ហេតុការណ៍នៃការបាក់រលំដើមឈើនេះ កើតឡើងកាលពីវេលាម៉ោង២និង៣០ នាទីរសៀល ថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយមហាវិថីសួនច្បារសម្តេចតេជោហ៊ុន សែន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ស្របពេលនៃការបាក់ដើមឈើដែលជាប្រភេទដើមត្រសេកនេះ គឺមិនមានមេឃភ្លៀងឬខ្យល់កន្ត្រាក់អ្វីនោះទេ តែដោយសារឬសកែវនៃដើមឈើ នេះងាប់ពុកផុយអស់នោះ ទើបគ្មានឫសកែវដើម្បីទប់មាឌនិងទម្ងន់របស់វា ដែលជាហេតុបណ្តាល ឱ្យដើមឈើនេះបាក់រលំបែបនេះតែម្តង។
ពលរដ្ឋបានបន្ថែមទៀតថា ការបាក់ដើមឈើដ៏ធំមួយនេះ គឺមិនបណ្តាលឱ្យនរណាម្នាក់រងរបួសនោះទេ គ្រាន់តែបង្កការកកស្ទះចរាចរណ៍ដល់បងប្អូនធ្វើដំណើតាមដងមហាវិថីនេះប៉ុណ្ណោះ។
ក្រោយពេលកើតហេតុ ខាងមន្ទីរសាធារណការ ថែទាំសួនច្បារនៅទីតាំងកន្លែងកើតហេតុ បានចុះមកអារកាត់យកដើមឈើចេញដើម្បីសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ៕
ដោយ៖ រ៉ារ៉ា