ព័ត៌មានទាន់ហេតុការណ៍៖

ដំរីអាស៊ី ឈ្មោះ ខាវ៉ាន់ នឹងមកដល់កម្ពុជា នៅចុងខែវិច្ឆិកា នេះ

ចែករំលែក៖

ភ្នំពេញ៖ លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នេះថា ដំរីអាស៊ី ឈ្មោលមួយក្បាល ឈ្មោះថា ខាវ៉ាន់ ដែលជាដំរីមួយរបស់ប្រទេសប៉ាគីស្ថាន តាមការគ្រោងទុកនឹងត្រូវបញ្ជូនមកព្រះរាជាណាចក្រកម្ពុជា នៅចុងខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ ក្រោមកិច្ចសហការរវាងរដ្ឋាភិបាលប៉ាគីស្ថាន ក្នុងកិច្ចការអភិរក្សដំរីអាស៊ី ដែលជាប្រភេទសត្វកម្រមួយ និងក្រោមការជួយជ្រោមជ្រែងសហការរវាងអង្គការ CWS និងអង្គការមួយក្នុងប្រទេសប៉ាគីស្ថាន។

លោក នេត្រ ភក្ត្រា បានបន្ថែមថា៖ “កម្ពុជាសូមថ្លែងអំណរគុណ ដល់រដ្ឋាភិបាលប៉ាគីស្ថាន ចំពោះកិច្ចសហប្រតិបត្តិការក្នុងការងារអភិរក្សដំរីអាស៊ី ដែលជាប្រភេទកម្រនេះ។ ខ្ញុំសូមជម្រាបផងដែរថា ដំរីខាវ៉ាន់នេះ មានភេទឈ្មោល និងមានអាយុ ៣៥ឆ្នាំ គឺជាដំរីមួយដែលស្ថិតក្នុងប្រទេសប៉ាគីស្ថានជាច្រើនឆ្នាំមកហើយ ហើយតាមការគ្រោងទុក ដំរីនេះនឹងត្រូវដឹកបញ្ជូនមកកម្ពុជា ដើម្បីឱ្យវារស់នៅក្នុងព្រៃធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃគូលេនព្រហ្មទេព ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ដោយមានការការពារ និងថែរក្សា ដោយអង្គការ CWS និងក្រសួងបរិស្ថានជាមុនសិន។ ការផ្តល់ដំរីនេះ គឺក្រោមការសម្របសម្រួលរបស់អង្គការ CWS និងទទួលបានការអនុញ្ញាតរួចហើយពីអាជ្ញាធរ CITES កម្ពុជា ក្នុងការដឹកដំរីខាវ៉ាន់នេះមកកម្ពុជា”។

លោកបានបន្ថែមថា នៅពេលដែលដំរីនេះមានភាពស៊ាំនឹងបរិស្ថានជុំវិញហើយ ទើបក្រសួងបរិស្ថាន និងអង្គការ CWS លែងទៅក្នុងព្រៃធម្មជាតិតែម្តង ហើយសង្ឃឹមថាដំរីនេះ នឹងរីករាយជាមួយទីលំនៅថ្មី នៃព្រៃធម្មជាតិរបស់កម្ពុជា។

សូមបញ្ជាក់ថា ដំរីអាស៊ី នៅព្រះរាជាណាចក្រកម្ពុជា តាមការប៉ាន់ស្មានអាចមានក្នុងរង្វង់ពី ៤០០ក្បាល ទៅ ៦០០ក្បាល ដែលកំពុងមានវត្តមាននៅតំបន់អភិរក្សនានា ជាពិសេសគឺនៅតំបន់ជួរភ្នំក្រវ៉ាញ និងនៅភាគឦសាន (ខេត្តមណ្ឌលគិរី និងរតនគិរី)។

 លោក នេត្រ ភក្ត្រា បានរំលឹកថា ៖ “ដោយឡែកក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ស្ថានភាពនៃការបរបាញ់សត្វដំរីដើម្បីយកភ្លុក ដើម្បីធ្វើអាជីវកម្ម ឬយកកន្ទុយដើម្បីប្រើប្រាស់តាមជំនឿផ្សេងៗ មានការថយចុះយ៉ាងខ្លាំង ឬថាស្ទើតែគ្មាន ទាំងនេះគឺដោយសារតែការអនុវត្តច្បាប់ដ៏តឹងរ៉ឹងបំផុតរបស់កម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជា ដោយមានការចូលរួមសហការពីអង្គការជាដៃគូ តាមរយៈការចូលរួមរៀបចំនូវផែនការអភិរក្សសត្វដំរីព្រៃ នៅក្នុងប្រទេសកម្ពុជាយើង ក្នុងផែនការអភិរក្សដំរី ២០២០ ទៅ ២០២៩ តាមរយៈការអភិរក្សជម្រក ការបង្កាត់ពូជជាដើម ហើយក្នុងនោះក៏គ្រោងនឹងចំណាយថវិកាចំនួនជាង ៤០លានដុល្លារអាមេរិក ដែលបានមកពីការឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ប្រទេសជាម្ចាស់ជំនួយ និងអង្គការជាដៃគូផ្សេងៗ ហើយគិតរហូតមកទល់ពេលនេះ ដំរីអាស៊ី ត្រូវបានចាប់យកមកបន្ស៉ាំ និងប្រើប្រាស់ក្នុងស្រុកគឺមានចំនួន ៧១ក្បាល”។

លោកអ្នកនាំពាក្យ បានបញ្ជាក់ជាចុងក្រោយផងដែរថា ការដែលប្រទេសប៉ាគីស្ថាន បានសម្រេចប្រគល់ដំរី ខាវ៉ាន់ មកកម្ពុជានេះ គឺបង្ហាញពីទំនាក់ទំនងដ៏ល្អរវាងរដ្ឋាភិបាលប៉ាគីស្ថាន និងរាជរដ្ឋាភិបាលកម្ពុជា ហើយក៏បង្ហាញឱ្យឃើញផងដែរពីសក្តានុពល នៃព្រៃធម្មជាតិរបស់កម្ពុជាផងដែរ។ លោករដ្ឋលេខាធិការ សង្ឃឹមផងដែរ ការមកដល់ដំរីខាវ៉ាន់ នឹងអាចទាក់ទាញចំណាប់អារម្មណ៍ ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិផងដែរ ព្រោះថាដំរីនេះមានកេរ្តិ៍ឈ្មោះល្បីល្បាញ ពាក់ព័ន្ធនឹងសំណុំរឿងនៅតុលាការក្នុងប្រទេសប៉ាគីស្ថាន ហើយការបញ្ជូននេះ ក៏ជាការគោរពសត្វដំរីដែលត្រូវតែចាំបាច់ត្រូវរស់ក្នុងព្រៃធម្មជាតិ។

គិតមកត្រឹមថ្ងៃនេះ កម្ពុជាមានដែនជម្រកសត្វព្រៃ និងរបៀងអភិរក្សជីវៈចម្រុះ រហូតដល់ទៅ ៦៨កន្លែង និងមានផ្ទៃដៃសរុបចំនួន ៧,៣ លានហិកតា ស្មើប្រមាណ ៤១% នៃផ្ទៃដីសរុបរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាចំនួនលើសការកំណត់នៃគោលការណ៍ជីវៈចម្រុះដែលមានចំនួនតែ ១៧%។ កម្ពុជាក៏ត្រូវបានវាយតម្លៃ និងទទួលស្គាល់ថា ជាប្រទេសដែលមានជីវៈចម្រុះដ៏សម្បូរបែបគ្រប់ប្រភេទ ហើយក៏ជាជម្រកនៃសត្វដ៏កម្រមួយចំនួនដូចជា ស្វាកន្ទុយសរ ទោចថ្ពាល់លឿង ត្រយ៉ងយក្ស ត្រយ៉ងចង្កោមកសរ និងត្មាតជាដើម ក្នុងនោះក៏មានប្រភេទរុក្ខជាតិកម្រផងដែរ ដែលចាំបាច់បំផុតត្រូវមានការអភិរក្ស៕

ដោយ៖សូរិយា


ចែករំលែក៖