កីឡាករវាយតឺន្នីស Daniil Medvedev បានវាយបកផ្តួលអតីតម្ចាស់ជើងឯក US Open កីឡាករ Dominic Thiem ទទួលបានជ័យជម្នះ និងក្លាយជាម្ចាស់ជើងឯក ATP Finals ដែលជាពានរង្វាន់ធំបំផុតនៃអាជីពរបស់គាត់នៅនៅទីក្រុងឡុង។
កីឡាករវាយតឺន្នីសជនជាតិរុស្ស៊ីរូបនេះបានយកឈ្នះជើងខ្លាំងលំដាប់ទី៣ពិភពលោក Dominic Thiem ដោយលទ្ធផល ៤-៦ ៧-៦ (៧-២) ៦-៤ នៅសង្វៀន O2 ។ កីឡាករ Dominic Thiem បានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រជាលើកទី២ ប៉ុន្តែនៅតែមិនអាចយកឈ្នះ កីឡាករ DaniilMedvedev បាននៅរដូវកាល២០២០នេះ។ លទ្ធផលនេះធ្វើឲ្យកីឡាករវ័យ២៤ឆ្នាំ Daniil Medvedev ឡើងទៅឈរលេខ៤ក្នុងតារាងចំណាត់ថ្នាក់ពិភពលោកកីឡាវាយតឺន្នីស។
Daniil Medvedev គឺជាកីឡាករតែម្នាក់គត់ដែលបានផ្តួលកីឡាករដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេទាំង៣នៅក្នុងព្រឹត្តិការណ៍នេះ បន្ទាប់ពីបានទទួលជ័យជម្នះលើកីឡាករ Novak Djokovic និង Rafael Nadal ។គាត់មិនបានផ្ដួលកីឡាករម្នាក់ណាក្នុងចំណោមកីឡាករកំពូលទាំង១០នាក់ទេ ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០១៩ ដល់ខែតុលា ឆ្នាំ២០២០ តែពេលនេះគាត់បានផ្ដួលកីឡាករ៧នាក់ក្នុងចន្លោះពេលតែ៤សប្តាហ៍។
វាជាឆ្នាំចុងក្រោយនៃការប្រកួតត្រូវបានធ្វើឡើងនៅទីក្រុងឡុងដោយព្រឹត្តិការណ៍នេះបានផ្លាស់ទៅទីក្រុងទូរីន ប្រទេសអ៊ីតាលីចាប់ពីឆ្នាំ២០២១ទៅ។ដោយគ្មានហ្វូងមនុស្សនៅក្នុងទីលានប្រកួត ដោយសារតែការរឹតត្បិតជំងឺឆ្លងកូវីដ-១៩ ការប្រារព្ធពិធីលើកពានរបស់ Daniil Medvedev ត្រូវបានធ្វើជាលក្ខណៈធម្មតា និងមិនមានការអបអរពីអ្នកគាំទ្រច្រើនទេ ៕ដោយ៖ភារៈ