ប្រធានយុទ្ធនាការអភិវឌ្ឍន៍កូវីដ-១៩បន្ទាន់ (Warp Speed) បានឲ្យដឹងថា ពលរដ្ឋអាមេរិកនឹងទទួលបានការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩នៅពាក់កណ្តាលខែធ្នូឆ្នាំ២០២០។
សារព័ត៌មាន NBC បានដកស្រង់សម្តីលោក Moncef Slaoui ទីប្រឹក្សាកម្មវិធីអភិវឌ្ឍន៍វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដែលបានប្រកាសថា «នៅថ្ងៃទី១១ឬ១២ខែធ្នូខាងមុខនេះពលរដ្ឋអាមេរិកដំបូងគេបង្អស់នឹងទទួលបានការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩នៅតាមបណ្តារដ្ឋទូទាំងសហរដ្ឋអាមេរិក ។
លោក Moncef Slaoui បានបញ្ជាក់ថា «ក្នុងរយៈពេល២៤ម៉ោង ក្រោយការអនុម័តពីនាយកដ្ឋានចំណីអាហារនិងឱសថអាមេរិក (FDA) វ៉ាក់សាំងប្រឆាំងកូវីដ-១៩នឹងត្រូវបានចែកចាយចាក់បង្ការដល់ពលរដ្ឋអាមេរិកហើយ។
លោក Moncef Slaoui បានឲ្យដឹងថា វ៉ាក់សាំងនឹងត្រូវបានចែកចាយទៅតាមចំនួនពលរដ្ឋ នៅក្នុងរដ្ឋនីមួយៗ។ បុគ្គលិកជួរមុខនិងមនុស្សវ័យចំណាស់ទទួលបានការចាក់វ៉ាក់សាំងមុនគេបង្អស់។ លោក Moncef Slaoui បន្តទៀតថា គោលដៅគឺចាក់វ៉ាក់សាំងបង្ការដល់ពលរដ្ឋអាមេរិកយ៉ាងតិច៧០%នៅទូទាំងប្រទេស។
ជាមួយគ្នានេះដែរ (FDA) នឹងបើកកិច្ចប្រជុំនៅថ្ងៃទី១០ខែធ្នូ ដើម្បីអនុញ្ញាតច្បាប់ប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ជាបន្ទាន់ ផលិតដោយក្រុមហ៊ុន Pfizer របស់អាមេរិក និងក្រុមហ៊ុនដៃគូ BioNTechរបស់អាល្លឺម៉ង់។ ជាមួយគ្នានេះដែរក្រុមហ៊ុន Moderna នឹងស្នើសុំច្បាប់អនុញ្ញាតប្រើប្រាស់វ៉ាក់សាំងបន្ទាន់ផងដែរនៅចុងខែធ្នូ ឆ្នាំ២០២០នេះ៕ដោយ៖ធី រីណា