ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យប្រកាសតែងតាំងមុខតំណែង ឧត្ដមសេនីយ៍ឯក ខឹមជា សាឃឿន អត្តលេខ ០០០១១៦ ជាមេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានកងទ័ពជើងគោក ជំនួសនាយឧត្ដមសេនីយ៍ ជា សារ៉ន ដែលត្រូវទៅទទួលភារកិច្ចថ្មីជារដ្ឋលេខាធិការក្រសួងការពារជាតិ។
ពិធីប្រកាសចូលកាន់មុខតំណែង បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ក្រោមអធិបតីភាព នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ។
ក្នុងរបាយការណ៍ស្វាគមន៍ ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកបានគូសបញ្ជាក់ពីការរីកចម្រើនលើគ្រប់ផ្នែករបស់បញ្ជាការដ្ឋានកងទ័ពជើងគោក មានដូចជា ម្ចាស់ការបំពេញភារកិច្ចស្នូល ការងារហ្វឹកហ្វឺន ការចូលរួមស្តារ អភិវឌ្ឍសង្គមជាតិ រួមទាំងកិច្ចសហការការពារសន្តិសុខសណ្តាប់ធ្នាប់ និងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ។
ក្នុងមតិសំណេះសំណាលនាឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះកងយោធពលខេមរភូមិន្ទគ្រប់បណ្ដាប្រភេទទ័ព ដែលបានយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចការពារបូរណភាពទឹកដី ជាពិសេសបានចូលជ្រៅដល់ដំណើរការកំណែទម្រង់កងយោធពលខេមរភូមិន្ទ(និយាយជារួម) និងនិយាយដោយឡែក បញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានខិតខំជម្នះគ្រប់ឧបសគ្គ និងសម្រេចបានលទ្ធផលគួរជាទីមោទនៈ។
នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអបអរសាទរ និង វាយតម្លៃខ្ពស់ ចំពោះសកម្មភាពស្នាដៃរបស់ ឧត្ដមសេនីយ៍ឯក ខឹមជា សាឃឿន ដែលបានខិតខំយកអស់ស្មារតីទទួលខុសត្រូវក្នុងកិច្ចការបំរើជាតិមាតុភូមិនាពេលកន្លងមក ព្រមទាំងផ្តាំផ្ញើឲ្យខិតខំបំពេញភារកិច្ចក្នុងនាមជានាយសេនាធិការកងទ័ពជើងគោក ការលើកកម្ពស់សមត្ថភាព សីលធម៌ គុណធម៌ ការចែករំលែកចំណេះដឹង បទពិសោធន៍ដល់នាយទាហានបន្តវេន និងការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង។
បន្ថែមលើនេះ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ នាយទាហាននៃបញ្ជាការដ្ឋានកងទ័ពជើងគោក ត្រូវបន្តពង្រឹងការអនុវត្តច្បាប់លក្ខ័ន្តិកៈ បទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ, គោរពអនុវត្តឲ្យបានម៉ឺងម៉ាត់បទបញ្ញត្តិ ១០ ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងក្នុងឱកាសអបអរខួប២០ឆ្នាំថ្ងៃកំណើតកងទ័ពជើងគោក (២៤-មករា-២០១៩)។ ទន្ទឹមនោះ ត្រូវចូលរួមការពារសន្តិភាពឲ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៍ដោយ និងត្រូវយកចិត្តទុកដាក់កសាងធនធានមនុស្សសម្រាប់ជាប្រភពបន្តវេនទៅថ្ងៃអនាគត រួមទាំងការពិនិត្យឲ្យបានត្រឹមត្រូវការតម្លើងឋានន្តរសក្ដិ សមស្របតាមមុខតំណែង ច្បាប់លក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ និងជម្រុញការគ្រប់គ្រងអចលនទ្រព្យរបស់រដ្ឋនៅតាមបណ្ដាកងឯកភាពឲ្យបានល្អ។
ពិធីប្រកាសមុខតំណែងនាយសេនាធិការកងទ័ពជើងគោក បានបញ្ចប់បន្ទាប់ពីឧត្ដមសេនីយ៍ឯក ខឹមជា សាឃឿន បានធ្វើសេចក្ដីប្តេជ្ញាចិត្ត និងគណៈអធិបតីប្រគល់បាច់ផ្កា វត្ថុអនុស្សាវរីយ៍ ជូនដល់អតីតនាយទាហានជាន់ខ្ពស់របស់បញ្ជាការដ្ឋានកងទ័ពជើងគោក ហើយដែលត្រូវបានដំឡើងតួនាទីជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ៕
ដោយ៖ សិលា