ចិនបានក្លាយជាប្រទេសផលិតដ្រូន យន្តហោះគ្មានមនុស្សបើក (UAV)លំដាប់ពិភពលោក ហើយបានលក់ចេញទៅក្រៅប្រទេសជាច្រើន ពិសេសលក់ទៅឱ្យប្រទេសជិតខាង។ សកម្មភាពខាងលើ ធ្វើឲ្យឥណ្ឌាព្រួយបារម្ភយ៉ាងខ្លាំង ដោយប្រទេសទាំងពីរកំពុងមានវិវាទគ្នានៅតាមព្រំដែន។
ចិនជាប្រទេសដែលទិញអាវុធពីខាងក្រៅ តែពេលនេះបានក្លាយជាប្រទេសដែលនាំចេញអាវុធលំដាប់ពិភពលោក ក្នុងនោះមាន UAVជាដើម ។ យន្តហោះគ្មានមនុស្សបើករបស់ចិនបានលក់ទៅឲ្យប្រទេសប៉ាគីស្ថានជាច្រើន។ ក្រៅពីនេះចិនក៏បានលក់អាវុធ គ្រាប់រំសេវ យន្តហោះចម្បាំង រួមទាំងនាវាមុជទឹកផងដែរ។
តាមការស្រាវជ្រាវពេលថ្មីៗនេះរបស់មហាវិទ្យាល័យ Pennsylvania និងមហាវិទ្យាល័យ Texas A&M បង្ហាញឲ្យឃើញថា មាន១៨ប្រទេសទិញយន្តហោះគ្មានមនុស្សបើកវាយលុកសម្រាប់វិស័យយោធារបស់ខ្លួនក្នុងដំណាក់កាលពីឆ្នាំ២០១១-២០១៩ ហើយក្នុង១៨ប្រទេសនេះមានដល់ទៅ១១ប្រទេសទិញUAVពីចិន។
តាមការស្រាវជ្រាវ នៅពេលនេះចិនបានគ្រប់គ្រងទីផ្សារនាំចេញយន្តហោះគ្មានមនុស្សបើកនៅលើពិភពលោក ។ ប្រទេសសំខាន់ៗដែលទិញយន្តហោះគ្មានមនុស្សបើកពីចិនមានដូចជា អារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់រួម អេហ្ស៊ីប និងអ៊ុយបេគីស្ថាន ជាដើម៕
ដោយ៖ធី រីណា