ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត រដ្ឋាភិបាលរបស់ប្រធានាធិបតីដូណាល់ ត្រាំ​ប្រកាសចាប់ផ្តើមដំណើរការផ្ទេរអំណាច

ចែករំលែក៖

ទីភ្នាក់ងារសេវាកម្មទូទៅ (GSA) បានជូនដំណឹងដល់ប្រធានាធិបតីជាប់ឆ្នោត Joe Bidenថា រដ្ឋបាល Trump បានត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្តើមការផ្លាស់ប្តូរអំណាចជាផ្លូវការ។
សារព័ត៌មាន​CNN នៅថ្ងៃទី​២៤ខែវិច្ឆិកា បានដកស្រង់សម្តីលោកស្រីEmily Murphy ប្រធាន(GSA)ដែលបានឲ្យដឹងថា​ ​ក្រុមការងារGSAបានបញ្ជូនលិខិតទៅកាន់ក្រុមការងារផ្ទេរអំណាច​របស់ប្រធានាធិបតី​បៃឌិន ស្តីពី ការផ្ទេរអំណាច។
ការសម្រេចខាងលើ​បានបង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាលរបស់លោកត្រាំ​បានយល់ព្រមទទួលស្គាល់ការបរាជ័យរបស់ខ្លួន​ហើយ ហើយយល់ព្រមផ្ទេរអំណាចឲ្យប្រធានាធិបតីជាប់ឆ្នោតថ្មី។ ការយល់ព្រមផ្ទេរអំណាចនេះកើតឡើងរយៈពេល​ជាង​២០ថ្ងៃ​ចាប់តាំងពីការបោះឆ្នោត​មកទល់ពេលនេះ ដោយលោកត្រាំមិនព្រម ទទួលស្គាល់លទ្ធផល​ ដោយបន្តប្តឹងតវ៉ា តែមិនបានសម្រេច​។
នៅក្នុងលិខិត លោកស្រី Emily Murphy ប្រធាន(GSA)បានឲ្យដឹងថា​ ​GSAនឹងចាប់ផ្តើមជួយដល់​ លោកបៃឌិន ក្នុងការផ្ទេរអំណាច​។ លោកស្រីបញ្ជាក់ថា​«ខ្ញុំសូមបញ្ចាក់ថាការសម្រេចខាងលើ គឺជាការធ្វើឡើងដោយឯករាជ្យ​ តាមច្បាប់ និងស្ថានភាពជាក់ស្តែង​។ ខ្ញុំមិនដែលរងគំនាបពីភាគីនយោបាយណាមួយឡើយ»។
ការលើកឡើងរបស់លោកស្រីកើតឡើងក្រោយពេល​ដែលលោកត្រាំ​ប្រកាស​កាលពីថ្ងៃទី​២៣ខែវិច្ឆិកា ថា​លោកចាប់ផ្តើមដំណើរការផ្ទេរអំណាចហើយ។ លោកត្រាំបានបង្ហោះលើបណ្តាញសង្គមថា​«ខ្ញុំសូមអរគុណដល់លោកស្រី Emily Murphy ប្រធាន(GSA) ដែលមានភាពស្មោះត្រង់ចំពោះប្រទេសជាតិ​។​ លោកស្រីរងការរំខាន​ គំរាមកំហែង​ វាយប្រហារ​… ហើយខ្ញុំមិនចង់ឲ្យមានរឿងនោះកើតឡើង​ចំពោះលោកស្រី និងបុគ្គលិករបស់ GSA»ឡើយ៕ដោយ៖ធី រីណា


ចែករំលែក៖