ព័ត៌មានទាន់ហេតុការណ៍៖

ដកបញ្ឈរជើងនគរបាលចរាចរណ៍៤នាក់ ដែលប្រើអំពើហិង្សាលើអ្នកបើកបររថយន្តល្មើសច្បាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង បានសម្រេចដកបញ្ឈរជើងនគរបាលចរាចរណ៍៤នាក់ ដែលបានប្រើអំពើហិង្សាលើអ្នកបើកបររថយន្តល្មើសច្បាប់ ។

អំពើហិង្សារវាងមន្ត្រីនគរបាលចរាចរណ៍នឹងអ្នកបើកបររថយន្តល្មើសច្បាប់នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិត្របែក ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ 

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០បានថ្លែងថា នគរបាលចរាចរណ៍បានដាក់គោលដៅត្រួតពិនិត្យល្បឿនលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១១៦-១១៧ ហើយបានពិនិត្យឃើញរថយន្តម៉ាកស៊ីណា ពាក់ស្លាកលេខភ្នំពេញ 2BI-6754 បើកបរដោយឈ្មោះ លាស់ ពុធធា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរអ្នកបើកឡានតាក់ស៊ី បានប្រើប្រាស់ល្បឿន៩៦គីឡូម៉ែត្រក្នុង១ម៉ោង ។

យោងតាមសេចក្តីបំភ្លឺព័ត៌មានបានបញ្ជាក់ថា សមត្ថកិច្ចបានឃាត់រថយន្តនេះ ប៉ុន្តែអ្នកបើកបរបានបើករត់គេចចូលតាមផ្លូវលំ ទើបសមត្ថកិច្ចដេញតាម រួចអញ្ជើញអ្នកបើកបរឱ្យមកប៉ុស្តិ៍រដ្ឋបាល តែអ្នកបើកបរមិនព្រមមកតាមសមត្ថកិច្ចទេ រហូតមានការប៉ះទង្គិចគ្នាជាអំពើហិង្សា តែម្តង ។

ក្រោយមក អ្នកបើកបរបានយល់ព្រមទទួលការផាកពិន័យតាមច្បាប់ ។ ចំណែកសមត្ថកិច្ចបានសុំទោស និង សម្របសម្រួលគ្នាជាមួយអ្នកបើកបរ ។ 

ទោះបីយ៉ាងណា បញ្ហានេះលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង បានសម្រេចដកបញ្ឈរជើងនគរបាលចរាចរណ៍៤នាក់ ដើម្បីដាក់វិន័យតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ ៕

ដោយ៖ចេស្តា


ចែករំលែក៖