ក្រោយការបែកបាក់ក្នុងរដ្ឋកាលដឹកនាំរបស់ប្រធានាធិបតីដូណាល់ត្រាំ នៅពេលនេះប្រមុខសម្ព័ន្ធយោធាអន្តរទ្វីប ណាតូ ព្រមទាំងប្រមុខសហគមន៍អឺរ៉ុប កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា បានអញ្ជើញប្រធានាធិបតីជាប់ឆ្នោតថ្មីអាមេរិក លោកបៃឌិនកសាងទំនាក់ទំនងឡើងវិញ។
អគ្គលេខាធិការណាតូ លោក Jens Stoltenberg និងប្រធានគណៈកម្មការសហគមន៍អឺរ៉ុបលោក Charles Michel បានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោកបៃឌិន ដោយបានជូនពរពីជ័យជម្នះក្នុងការបោះឆ្នោត និងអញ្ជើញលោកបៃឌិនបំពេញទស្សនកិច្ចនៅទីស្នាក់ការណាតូ និងសហគមន៍អឺរ៉ុប នៅទីក្រុង Brussels នៃប្រទេសបែលហ្សុិក។
លោកJens Stoltenberg បានអរគុណលោកបៃឌិនដែលបានគាំទ្រដល់ណាតូ និងបន្តធ្វើទំនាក់ទំនងគ្នាយ៉ាងល្អ។ អង្គការណាតូ សង្ឃឹមថានឹងមានទំនាក់ទំនងល្អជាមួយអាមេរិកដូចកាលពីមុន។
ទំនាក់ទំនងរវាងអាមេរិក នឹងណាតូប្រឈមមុខតានតឹងក្រោយពេល អាមេរិកកាត់បន្ថយការចំណាយ ហើយបង្ខំឲ្យប្រទេសជាសមាជិកត្រូវតែចំណាយប្រាក់ស្មើភាពគ្នា នៅក្នុងសម្ព័ន្ធយោធាមួយនេះ។ ក្រៅពីនេះ រដ្ឋាភិបាលរបស់លោកត្រាំ ក៏បានដំឡើងពន្ធនាំចូលទំនិញពីអឺរ៉ុបផងដែរដែលជាហេតុធ្វើឲ្យអឺរ៉ុបខឹងសម្បាយ៉ាងខ្លាំង ដោយសារតែអាមេរិកគិតតែពីផលប្រយោជន៍របស់ខ្លួន។
ក្រោយលោកបៃឌិនជាប់ឆ្នោត អឺរ៉ុបនិងអាមេរិកដែលមានទំនាក់ទំនងជាប្រវត្តិសាស្ត្រ នឹងមានភាពល្អប្រសើរឡើងវិញ ដោយសារតែរដ្ឋាភិបាលថ្មីរបស់លោកបៃឌិន មានទស្សនៈនយោបាយបាយបើកទូលាយ មិនអាត្មានិយមដូចជាលោកត្រាំនោះឡើយ៕ដោយ៖ធី រីណា