ធ្លាប់ជាកីឡាករប្រដាល់សាកលល្បីបំផុតលើពិភពលោក Mike Tyson និង Roy Jones Jr នឹងឡើងសង្វៀនជាថ្មីនៅវេលាម៉ោង៩ ថ្ងៃទី២៩ខែវិច្ឆិកា (ម៉ោងនៅកម្ពុជា)។
កាលពីពាក់កណ្តាលឆ្នាំ២០២០ កីឡាករល្បីល្បាញលើពិភពលោក ទាំងរឿងល្អនិងអាក្រក់ Mike Tyson បានប្រកាលវិលត្រឡប់ឡើងសង្វៀនវិញដើម្បីប្រកួតជាមួយអតីតកីឡាករប្រដាល់ Roy Jones Jr ដែលមានវ័យជាង៥០ឆ្នាំដូចគ្នា។
ការសម្រេចឡើងសង្វៀនរបស់អតីតកីឡាករទាំងពីរទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ។ នេះជាលើកទីមួយក្នុងរយៈពេល១៥ឆ្នាំចូលនិវត្តន៍ កីឡាករទាំងពីរក៏សម្រេចឡើងសង្វៀនវិញ។
ការប្រកួតមានលក្ខណៈ សម្តែង(exhibition match) មានចំនួន៨ទឹក ដោយមួយទឹកៗមាន២នាទី។ ខុសពីការប្រកួតមុនពេលចូលនិវត្តន៍ កីឡាទាំងពីរត្រូវប្រើ ហ្គង់ការពារក្បាល ដោយសារតែកីឡាករមានវ័យចំណាស់អាចនឹងគ្រោះថ្នាក់ដល់អាយុជីវិតបើវាយចំក្បាលខ្លាំងនោះ។
តាមការលើកឡើងរបស់គណៈកម្មការរៀបចំការប្រកួតនៅរដ្ឋCalifornia បញ្ជាក់ថា ការឡើងសង្វៀនលើកនេះមានលក្ខណៈមិត្តភាព ដើម្បីដណ្តើមពាន WBC Frontline Battleផ្តល់ជូនដោយគណៈកម្មការកីឡាប្រដាល់ពិភពលោក។ ប៉ុន្តែកីឡាករទាំងពីរបានប្រកាសថា នឹងប្រដាល់ឱ្យអស់ពីសមត្ថភាព មិនបន្ធូរបន្ថយនោះឡើយ។
បច្ចុប្បន្ន កីឡាករ Mike Tyson មានអាយុ៥៤ឆ្នាំ ទម្ងន់ ១០៨,៨៦គីឡូក្រាម ធ្លាប់ប្រកួតឈ្នះ៥០លើក និងចាញ់៦លើក។
ចំណេកកីឡាករ Roy Jones Jr មានអាយុ៥១ឆ្នាំ ទម្ងន់៩០,៧២ គីឡូក្រាម ធ្លាប់ប្រកួតឈ្នះ៦៦លើកនិងចាញ់៩លើក៕

ដោយ៖ធី រីណា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច