ខេត្តសៀមរាប៖ លោក ឃឹម ហ្វីណង់ អភិបាលស្រុក បន្ទាយស្រី បានថ្លែងថា៖ ឆ្លៀតឱកាសចូលរួមធ្វើបដិសណ្ឋារកិច្ចស្វាគមន៍ និងសំណេះសំណាលជាមួយក្រុមនិស្សិត និងសាស្ត្រាចារ្យ សរុបចំនួន១៥០នាក់ ដែលបានរៀបចំកម្មវិធីជិះកង់មកកាន់ភូមិព្រះដាក់ ដើម្បីរៃអង្គាសថវិកាសម្រាប់ជួយគាំទ្រទៅលើការរៀនសូត្រ ឬសិក្សាពីចម្ងាយ(Distance Learning) ក៏ដូចជាជួយជំរុញផ្សព្វផ្សាយពីទេសចរណ៍សហគមន៍ និងទេសចរណ៍ជនបទនៅក្នុងស្រុកបន្ទាយស្រី ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ។
លោកបន្តថា៖ បន្ទាប់ពីបានជួបជុំ និងទទួលបានការចែករំលែកបទពិសោធពីការគ្រប់គ្រងទេសចរណ៍សហគមន៍នៅក្នុងមូលដ្ឋានរួចមក ក្រុមនិស្សិត និងសាស្ត្រាចារ្យទាំងអស់ បានបន្តដំណើរកម្សាន្តនៅក្នុងភូមិព្រះដាក់ និងបានទៅទស្សនាផ្ទះធ្វើធូប កន្លែងសិប្បកម្មធ្វើខ្លុយ ជាពិសេសផ្ទះនំបញ្ចុក ដោយបានទស្សនាពីសង្វាក់នៃការធ្វើនំបញ្ចុកដោយផ្ទាល់ ព្រមទាំងបានភ្លក់រសជាតិពិសានំបញ្ចុកដែលទើបតែធ្វើហើយភ្លាមៗផងដែរ។
លោកថា៖ ទេសចរណ៍សហគមន៍ ,សមាគមន៍ដើម្បីការសិក្សាពីចំងាយ (Community Distant Leaning) គឺត្រូវបានផ្តួចផ្តើមក្នុងគោលបំណងចូលរួមក្នុងការអភិវឌ្ឍការអប់រំ និងដើម្បីរួមចំណែកជួយប្រទេសកម្ពុជាក្នុងការសម្រេចបាននូវការអប់រំបែបឌីជីថលនៅឆ្នាំ២០៣០ ព្រមទាំងស្របជាមួយនឹងកាលៈទេសៈនៃការរីករាលដាលជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្នផងដែរ៕
ដោយ៖ សិលា