ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងសៀមរាបឃាត់ខ្លួននារីសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិ ប្រាក់និងគ្រឿងអលង្ការ

ចែករំលែក៖

ខេត្តសៀមរាប ៖ នារីជាជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាល នៃការិយាល័យនគរបាលព្រហ្មទណ្ឌក្រុងសៀមរាប ចាប់ឃាត់ខ្លួនពាក់ព័ន្ធករណី អំពើលួចទ្រព្យសម្បត្តិ (ប្រាក់និងគ្រឿងអលង្ការ) លើស្រី្តជនរងគ្រោះម្នាក់ទៀត ខណៈពេលនារីរងគ្រោះរូបនោះមិនបាននៅផ្ទះ ដោយមានធុរៈចេញទៅខាងក្រៅ។

មន្រ្តីនគរបាលព្រហ្មទណ្ឌក្រុងសៀមរាបបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៨ និង៣០នាទីព្រឹក ស្ថិតនៅក្នុង ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

ជនសង្ស័យឈ្មោះ ទ្រី​ រ៉ូមីហ្សឺ  ហៅ ធី (នីតា) ភេទស្រី អាយុ១៨ឆ្នាំ ជាជនជាតិខ្មែរអ៊ិស្លាម មានទីលំនៅបច្ចុប្បន្ន ក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។ ចំណែកឯជនរងគ្រោះឈ្មោះ សំ ស្រីដែន ហៅ (ហ្វាស៊ីរ៉ា) ភេទស្រី អាយុ២៨ឆ្នាំ​ ជាជនជាតិខ្មែរអ៊ិស្លាម មុខរបរ​ បុគ្គលិកផ្សារទំនើប មានទីលំនៅ ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

ប្រភពដដែលបានឲ្យដឹងទៀតថាមុនពេលកើតហេតុជនរងគ្រោះមានធុរ:ផ្ទាល់ខ្លួនបានចេញទៅខាងក្រៅផ្ទះមួយភ្លែត។ ពេលឃើញដូច្នេះជនសង្ស័យបានធ្វើសកម្មភាពចូលទៅក្នុងបន្ទប់គេងរបស់ជនរងគ្រោះ ដែលមិនបានចាក់សោទ្វារ ហើយបានធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិមួយចំនួន។ ពេលធ្វើសកម្មភាពលួចបានហើយ ជនសង្ស័យបម្រុងដើរចេញមកក្រៅដើម្បីគេចខ្លួន តែពេលនោះត្រូវបានឪពុករបស់ជនរងគ្រោះ ឃើញទាន់ធ្វើការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗយកមកប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

តាមរបាយការណ៍របស់មន្ត្រីនគរបាលក្រុងសៀមរាប បានឲ្យដឹងថា វត្ថុតាងដែលជនសង្ស័យលួចរួមមាន កងដៃឈុត ធ្វើអំពីប្លាទីន ចំនួនដប់កង ដែលមានតម្លៃទឹកប្រាក់ចំនួន ៧០០ដុល្លារ,​ ខ្សែដៃមួយខ្សែ ប្រភេទច្រវ៉ាក់ឆាប ធ្វើអំពីប្លាទីនចំនួនមួយខ្សែ មានទម្ងន់ ៥ជី តម្លៃ ៥០០ដុល្លារ ​, ចិញ្ចៀនម៉ូតផ្កាច័ន្ទត្បូងពណ៌ស ធ្វើអំពីប្លាទីន ចំនួនមួយវង់ មានតម្លៃ ៧០ដុល្លារ, ទូរស័ព្ទ ipad ចំនួន ១ គ្រឿង ពណ៌មាស មានតម្លៃ ៥២០ដុល្លារ,​ ប្រាក់ដុល្លារចំនួន ៤០ដុល្លារ,​ ប្រាក់បាតថៃចំនួន ២០០បាតនិង ប្រាក់ខ្មែរចំនួន ១៨០០,០០០រៀល,​ ។

បច្ចុប្បន្ន ជនសង្ស័យរូបនេះត្រូវបាននគរបាលជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបចាត់ការតាមច្បាប់ ៕

ដោយ÷ប្រាថ្នា


ចែករំលែក៖