ព័ត៌មានទាន់ហេតុការណ៍៖

Update៖ ទីតាំងម៉ាស្សា ដាយម៉ិន (Diamond Massage) ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញចុះបិទនិងឃាត់ខ្លួនសន្តិសុខ១នាក់យកទៅសាកសួរ

ចែករំលែក៖

      ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយ មន្ទីរទេសចរណ៍ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកបិទទីតាំងម៉ាស្សាមួយកន្លែង  និងឃាត់ខ្លួនបុរសម្នាក់ដែលជាសន្ដិសុខនៅទីតាំងម៉ាស្សាយីហោ ដាយម៉ិន (Diamond Massage) ដែលបើកទីតាំងម៉ាស្សាបង្កប់សេវាផ្លូវភេទ ដោយចំហរ និងបង្ហោះពេញបណ្ដាញសង្គមFacebook ត្រូវបាន យកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។

       ប្រតិបត្តិការនេះមានការសម្របសម្រួលដោយ លោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ និងដឹកនាំផ្ទាល់ដោយលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ធ្វើឡើងនៅ រសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចទីតាំងម៉ាស្សាយីហោ ដាយម៉ិន (Diamond Massage)ចំណុចផ្ទះលេខ៤៨C ភូមិ៤ ក្រុម១៦ ផ្លូវលេខ២២២ មូលដ្ឋានសង្កាត់ បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

      អ្នកដែលត្រូវឃាត់ខ្លួន ឈ្មោះ សេង ហុកសុខរស្មី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅផ្ទះលេខ៤៨C ភូមិ៤ ក្រុម១៦ ផ្លូវលេខ២២២ មូលដ្ឋានសង្កាត់ បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

     លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានប្រាប់អោយដឹងថា ចំពោះទីតាំងម៉ាស្សានេះ មិនអនុញ្ញាតអោយមានការបើកដំណើរការឡើយនិង យោងតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារជំម្ងឺឆ្លង COVID-19 គឺត្រូវបានបិទជាយូរមកហើយតែដោយឡែកទីតាំងម៉ាស្សា បើកលួចលាក់ល្មើសនិងបទបញ្ជារបស់អាជ្ញាធរ ត្រូវបិទទីតាំងជាស្ថាពរតែម្ដង។

      ក្រោយបញ្ចប់ប្រតិបត្តិការកម្លាំងនគរបាលជំនាញបានឃាត់ខ្លួនបុរសម្នាក់ដែលតាំងខ្លួនជាសន្តិសុខ ដើម្បីនាំខ្លួនទៅសួរនាំបន្ដែម។ ចំណែកទីតាំងម៉ាស្សាត្រូវបានកម្លាំងគណៈកម្មការចម្រុះសម្រេចបិទទីតាំងជាបណ្ដោះអាស្នន។

ដោយពិនិត្យឃើញថា អាជីវកម្មនេះល្មើសនឹងវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល តាមរយៈលិខិតលេខ ១៦៧សជណ.អរហ ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ របស់ក្រសួងទេសចរណ៍ និងដោយពិនិត្យឃើញជាក់ស្តែងនូវ វត្ថុតាង ជាពិសេស ស្រោមអនាម័យ និងទឹករំអិល) មានតម្រុយសង្ស័យពាក់ព័ន្ធនឹងអំពើសញ្ចារកម្ម៕

 

ដោយ៖ រ៉ារ៉ា


ចែករំលែក៖