ព័ត៌មានទាន់ហេតុការណ៍៖

ការប្រឈមមុខតានតឹងរវាងអូស្ត្រាលីនឹង​ចិនកើនឡើង​ នាវាដឹកធ្យូងថ្ម​អូស្ត្រាលី​៦០គ្រឿងជាប់គាំងនៅកំពង់ផែចិន

ចែករំលែក៖

ទំនាក់ទំនងរវាងអូស្ត្រាលី នឹងចិន កាន់តែតានតឹង​ឡើង ក្នុងពេលដែលនាវាដឹក​ធ្យូងថ្មដល់ទៅ​៦០គ្រឿង មានតម្លៃជាង​៥០០លានដុល្លារអូស្ត្រាលី ជាប់គាំងនៅកំពង់ផែប្រទេសចិន​។
ការប្រឈមមុខតានតឹងកាន់តែខ្លាំងឡើង​រវាងប្រទេសទាំងពីរ ក្រោយពេល​ដែលចិនអនុម័តដំឡើងពន្ធនាំចូលស្រូវសាឡី និងផ្អាកនាំចូលសាច់គោពីអូស្ត្រាលី។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison ពេលថ្មីៗនេះ​បានឲ្យដឹងថា «នឹងតែងតាំងបុគ្គលល្អបំផុត​ដើម្បី​បំបែកភាពជាប់គាំង ជាមួយចិន ខណៈដែលនាវាដឹកធ្យូងថ្មជាង​៦០គ្រឿងមានតម្លៃជាង​៥០០លានដុល្លារអូស្រ្តាលី ព្រមទាំងនាវិក ១ពាន់នាក់របស់អូស្ត្រាលីជាប់គាំងនៅតំបន់សមុទ្រជិតកំពង់ផែប្រទេសចិន ។
ទំនាក់ទំនងអូស្ត្រាលីនឹងចិនកាន់តែតានតឹងចាប់តាំងពីខែមេសាកន្លងមក ដែលអូស្ត្រាលីបានគាំទ្រដល់ការស្រាវជ្រាវពីប្រភពកូវីដ​-១៩​ ។ ចិនជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អូស្ត្រាលី ហើយចិនក៏បានតបតភ្លាមៗ តាមរយៈការដំឡើងពន្ធ និងផ្អាកទិញទំនិញពីអូស្ត្រាលី។ មិនតែប៉ុណ្ណោះចិនក៏បានព្រមានពលរដ្ឋ​ត្រូវប្រុងប្រយ័ត្នពេលទៅកម្សាន្តក្នុងប្រទេសអូស្ត្រាលីទៀតផង ។
នៅពេលនេះរដ្ឋាភិបាលអូស្ត្រាលី ជួបផលលំបាកយ៉ាងខ្លាំងក្នុងការដោះស្រាយវិវាទជាមួយចិន ដោយសារតែថ្នាក់ដឹកនាំប្រទេសទាំងពីរមិនបានទំនាក់ទំនងគ្នាដោយផ្ទាល់តាំងពីខែមេសាមកទល់ពេលនេះ​ពាក់ព័ន្ធបញ្ហាកូវីដ​-១៩ ។ អូស្ត្រាលីបានស្តាប់តាមអាមេរិក ចោទប្រកាន់ចិន​ជាអ្នកបង្កើតឲ្យមានកូវីដ​-១៩ ​ហើយទាមទារទៅស្រាវជ្រាវក្នុងទីក្រុងវូហានទៀតផង៕ដោយ៖ធី រីណា


ចែករំលែក៖