ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកពន្ធនាគារ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ដែលសង្ស័យឆ្លងពីភរិយា តាមលទ្ធផលធ្វើតេស្ត

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានឱ្យដឹងថា៖ អគ្គនាយកពន្ធនាគារ លោក ឆែម សាវុធ ដែលត្រូវជាប្តីរបស់ស្រ្តីមានផ្ទុកមេរោគកូវីដ-១៩ ត្រូវបានពិនិត្យសុខភាពរកឃើញវិជ្ជមានកូវីដ-១៩។
បន្ទាប់ពីករណីនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទផ្សារអ៉ីអន១ ជាបណ្តោះអាសន្ន ក្រោយពេលរកឃើញវិជ្ជមានមេរោគកូវីដ-១៩ លើខ្លួនស្រ្តី ខ្មែរម្នាក់ ដែលជាភរិយារបស់អគ្គនាយកពន្ធនាគារ បានចូលទៅកាន់ផ្សារនេះ ដើម្បីញ៉ាំអាហារ និងទិញអីវ៉ាន់មួយចំនួន។

នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីរូបគាត់ចេញរោគសញ្ញាសង្ស័យ ហើយភ្លាមៗនេះក្រសួងសុខាភិបាល ក៏បាននិងកំពុងស្វែងរកអ្នកពាក់ព័ន្ធជាមួយគាត់នៅក្នុងផ្សារអ៉ីអន១ ដើម្បីយកមកធ្វើតេស្ត និងធ្វើចត្តាឡីស័កផងដែរ។ នេះជាការលើកឡើងលោកស្រី យក់ សម្បត្តិ បានអះអាងថា ស្រ្តីខ្មែររូបនេះ ត្រូវបានធ្វើតេស្តឃើញថា មានវិជ្ជមានមេរោគកូវីដ-១៩ ។

លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា ការសម្រេចបិទផ្សារអ៉ីអន១ រយៈពេលប៉ុន្មានថ្ងៃសិន ដើម្បីតាមដានរកអ្នកពាក់ព័ន្ធមកធ្វើតេស្ត និងទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ បន្តទៀត។ ស្រ្តីដែលមានផ្ទុកមេរោគកូវីដ-១៩ខាងលើនេះ រស់នៅក្នុងបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ នេះជាការបញ្ជាក់បន្ថែមពីលោកស្រី យក់ សម្បត្តិ។
ពាក់ព័ន្ធការរកឃើញអ្នកវិជ្ជមានដែលអាចចាត់ទុកជាការឆ្លងចូលសហគមជាលើកដំបូងនៅកម្ពុជានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានផ្ញើសារណែនាំពិសេសបន្ទាន់មួយទាំងយប់ផងដែរ។
ក្នុងសារសំឡេងណែនាំនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឱ្យមានការប្រមូលផ្តុំ និងធ្វើចត្តាឡីស័កបន្ទាន់សម្រាប់អ្នកពាក់ព័ន្ធ។ ក្នុងនោះរួមមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងសុំការអធ្យាស្រ័យចំពោះការបិទផ្សារទំនើបអ៉ីអនទី១។
បើទោះបីជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ប្រជាពលរដ្ឋមេត្តាកុំមានការស្លន់ស្លោ ឬឆោឡោរហូតបាត់បង់ការគ្រប់គ្រង តែត្រូវបង្កើនការយកចិត្តទុកដាក់ ពាក់ព័ន្ធការការពារខ្លួនតាមរយៈការពាក់ម៉ាស់ ការលាងដៃ ការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងករណីមានការសង្ស័យត្រូវរកការបញ្ជាក់ពី គ្រូពេទ្យឱ្យបានឆាប់។ សម្តេចតេជោ ក៏បានស្នើសុំកុំឱ្យមានការប្រមូលផ្តុំណាមួយ។
សូមជម្រាបជូនថា៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន០១នាក់ និងអ្នកជាសះស្បើយចំនួន០១នាក់៕

ដោយ៖សិលា


ចែករំលែក៖