ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជាឲ្យបិទកន្លែងធ្វើការរបស់អគ្គនាយកដ្ឋានពន្ធនាគារ នៅក្នុងក្រសួងមហាផ្ទៃ ខណៈសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ គ្រាដែលកំពុងធ្វើចត្តាឡីស័ក ក្រោយចូលរួមប្រជុំជាមួយលោក ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ហើយរកឃើញជំងឺកូវីដ-១៩នោះ។
សូមបញ្ជាក់ថា៖ តាមរយៈសារសំឡេងផ្ញើទៅកាន់ថ្នាក់ដឹកនាំ និងមន្ដ្រីចំណុះក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា «ឯកឧត្តម សក់ សេដ្ឋា សរសេរបទបញ្ជាមួយមកខ្ញុំ ដើម្បីចុះហត្ថលេខា យើងបិទកន្លែងធ្វើការរបស់អគ្គនាយកដ្ឋានពន្ធនាគារ»។
អគ្គនាយកដ្ឋានពន្ធនាគារ ដែលសម្ដេចក្រឡាហោម ស ខេង បញ្ជាបិទបណ្ដោះអាសន្ននេះ មានទីតាំងស្ថិតនៅអគារ N នៃទីស្ដីការក្រសួងមហាផ្ទៃ ប៉ុន្ដែការបិទនេះ មិនតម្រូវឲ្យបិទទាំង ស្រុងនោះទេ ពោលបិទតែកន្លែងធ្វើការផ្ទាល់របស់អគ្គនាយកដ្ឋានពន្ធនាគារប៉ុណ្ណោះ ពោលកន្លែងផ្សេងដែលនៅកន្លែងនេះ គឺនៅធ្វើការធម្មតា។
សូមរំឮកថា៖ កាលពីម្សិលមុិញខុទ្ទកាល័យសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ យោងតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលបានឲ្យដឹងថា៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រុមគ្រួសារ ព្រមទាំងអ្នកពាក់ព័ន្ធក្នុងក្រុមគ្រួសារ និងកងការពារមានចំនួន ៩៤នាក់ បានទទួលលទ្ធផលល្អប្រសើលើតេស្តជំងឺកូវីដ-១៩លើកទីមួយ ដោយអវិជ្ជមានទាំងអស់។
យ៉ាងណាក៏ដោយសម្ដេចក្រឡាហោម ក្រុមគ្រួសារ និងអ្នកពាក់ព័ន្ធក្នុងក្រុមគ្រួសារ នៅតែបន្តធ្វើចត្តាឡីស័ក និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលជាបន្តទៀត ។
សម្ដេចក្រឡាហោម នៅតែបន្តអំពាវនាវបងប្អូនជនរួមជាតិ ថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល នគរបាលជាតិនៃក្រសួងមហាផ្ទៃ សូមបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ៕ សូមអរគុណ!
ដោយ៖សិលា