ភ្នំពេញ៖ លោក វេង សាខុនរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញពី លទ្ធផលនៃការនាំចេញអង្ករ និងស្រូវពីកម្ពុជាទៅកាន់ទីផ្សារពិភពលោក ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២០ ដោយបញ្ជាក់ថា៖
១) លទ្ធផលនៃការនាំចេញអង្ករដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យ ក្នុងរយៈពេល ១១ខែ នៅឆ្នាំ២០២០ សម្រេចបាន ៦០១ ០៤៥ តោន ដែលក្នុងនេះមាន៖ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៤៨១ ១២៣ តោន, អង្ករសចម្រុះគ្រប់ប្រភេទមានចំនួន ១១៣ ៧០៣ តោន និងអង្ករចំហ៊ុយមានចំនួន ៦ ១៥១ តោន។ ការនាំចេញអង្កររយៈ១១ខែ នៅឆ្នាំ២០២០នេះ គឺមានការកើនឡើងប្រមាណ ៨៦ ៨៩៦ តោន ស្មើនឹង +១៦,៩០% ដែលធៀបទៅនឹងរយៈពេល១១ខែ នៅឆ្នាំ២០១៩ មានតែចំនួន ៥១៤ ១៤៩ តោន ប៉ុណ្ណោះ ។ ដោយឡែក សម្រាប់ខែវិឆ្ឆិកា ឆ្នាំ២០២០ នេះសម្រេចការនាំចេញអង្ករបានចំនួន ៦៤ ៧៤០ តោន មានការកើនឡើងចំនួន ៨ ៥៣១ តោន ស្មើនឹង ១៥,១៨% ធៀបទៅនឹងបរិមាណនាំចេញនៅខែវិឆ្ឆិកា ឆ្នាំ២០១៩ ។
ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល ១១ខែកន្លងទៅនេះ មានចំនួន ៦០ ប្រទេស៖ នៅក្នុងសហភាពអ៊ឺរ៉ុបមានប្រទេសចំនួន ២៤ ក្នុងចំណោម២៨ ប្រទេស, ប្រទេសចិន(រួមទាំង កោះហុងកុង, ម៉ាក់កាវ និងតៃវ៉ាន់), ប្រទេសសមាជិកអាស៊ានចំនួន ៦ ហើយនិងនៅទ្វិបដ៏ទៃទៀតចំនួន ២៩ ប្រទេស ។ ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនចំនួន ១០ ក្នុងចំណោម ៧២ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេ ។
សូមបញ្ជាក់ថា៖ ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ១១ខែដើមឆ្នាំដូចគ្នាប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មានកំណើននៅគ្រប់គោលដៅនាំចេញទាំងអស់ ដោយឡែកប្រទេសចិនឈរនៅលំដាប់ទី១៖ ១) ប្រទេសចិនមានបរិមាណសរុបចំនួន ២៣៤ ៩៤០ តោន ស្មើនឹង៣៩,០៩%, ២) ការនាំចេញទៅសហភាពអ៊ឺរ៉ុបមានចំនួន ២៤ ប្រទេស មានបរិមាណសរុបចំនួន ១៨៨ ៤៣៦ ស្មើនឹង ៣១,៣៥%, ៣) បណ្តាប្រទេសសមាជិកអាស៊ានមានបរិមាណសរុបចំនួន ៧៨ ២០៨ តោន ស្មើនឹង ១៣,០១%, និង ៤) គោលដៅដ៏ទៃទៀត ចំនួន២៩ ប្រទេស មានបរិមាណសរុបចំនួន ៩៩ ៤៦១ តោន ស្មើនឹង ១៦,៥៥% ។
ខ) ការនាំចេញស្រូវនៅតាមបណ្តាច្រកនៃខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម មកទល់ថ្ងៃទី ៣០ ខែវិឆ្ឆិកា ឆ្នាំ២០២០ មានបរិមាណសរុបចំនួន ១ ៧៧៧ ១០៧ តោន ។ បរិមាណនាំចេញសម្រាប់មួយថ្ងៃ នៅថ្ងៃទី៣០ ខែវិឆ្ឆិកា ឆ្នាំ២០២០ នេះ មានចំនួន ២៦ ៦១៩ តោន ៕
ដោយ៖ សិលា