ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យលេបត្របាក់ផ្ទះមួយខ្នងនិងសម្ភារមួយចំនួនធំនៅស្រុកស្វាយជ្រំ តែសំណាងដែរមិនមានអ្នករងរបួស

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះស្រែកហៅអ្នកភូមិនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យមកជួយធ្វើអន្តរាគមន៍ខណៈផ្ទះក្បឿងមួយខ្នងរបស់គាត់ត្រូវបានអគ្គិភ័យលេបត្របាក់បន្ទាប់ពីកូនស្រីរបស់គាត់មានការធ្វេសប្រហែសក្នុងការអុជទៀនធូបនៅលើផ្ទះ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃទី១ខែធ្នូឆ្នាំ២០២០ស្ថិតនៅក្នុងភូមិឈូកស ឃុំឈើទាល ស្រុកស្វាយជ្រំ។

បើតាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ តូច សាមួន ភេទប្រុសអាយុ៧០ឆ្នាំ មុខរបរកសិករ រស់នៅភូមិឈូកស ឃុំឈើទាល ស្រុកស្វាយជ្រំ ។

ប្រភពបន្តថា ផ្ទះដែលខូចខាតមានទំហំ៦ម៉ែត្រគុណនិង៧ម៉ែត្រសង់អំពីឈើ ជញ្ជាំងសង្ក័សី ប្រក់ក្បឿង។ ចំណែកសម្ភារខូចខាតមានម៉ូតូម៉ាកហុងដាហ្ស៊ុមមើរ១គ្រឿង ស្រូវ១តោន ថវិកាចំនួន១លាន៨សែនរៀលនិងសម្ភារប្រេីប្រាស់មួយចំនួនទៀត។

តាមម្ចាស់ផ្ទះបានប្រាប់សមត្ថកិច្ចថាមូលហេតុដែលបណ្ដាលឱ្យឆាបឆេះជាអគ្គិភ័យលេបត្របាក់ផ្ទះគាត់នេះគឺដោយសារតែកូនស្រីមានការធ្វេសប្រហែសអុជទៀនធូបនៅលើផ្ទះធ្វើឱ្យឆាប់ឆេះបែបនេះតែម្ដង៕ យឹម សុថាន


ចែករំលែក៖