ភ្នំពេញ៖ ២៧ វិច្ឆិកា ២០២០ថ្ងៃនេះ កម្មវិធីប្រឡងស្នាដៃសិល្បៈថ្នាក់ជាតិប្រចាំឆ្នាំ ២០២០ ក្រោមកិច្ចសហការជាមួយក្រុមហ៊ុនសែលកាត បានបើកដំណើរការកន្លែងចុះឈ្មោះថ្មីមួយទៀត នៅឯការិយាល័យកណ្តាលសែលកាតក្នុងរាជធានីភ្នំពេញដើម្បីលើកទឹកចិត្តដល់សិល្បករគំនូរថ្មីៗ ឱ្យមកចូលរួមប្រកួតកម្មវិធីប្រឡងប្រចាំឆ្នាំលើកទី ៣នេះ។
ការបើកដំណើរការកន្លែងចុះឈ្មោះថ្មីនេះ ត្រូវបានបើកសម្ពោធរួមជាមួយនឹងការសម្តែងគូសគំនូរឌីជីថលផ្ទាល់នៅឯការិយាល័យកណ្តាលសែលកាត។ ការសម្តែងនេះ មានវត្តមានចូលរួមដោយលោក ប៊ុន ឡេង Influencer របស់ក្រុមហ៊ុនសែលកាត សិស្សនិស្សិតមកពីមូលនិធិកុមារកម្ពុជា (CCF) និងសិល្បករគំនូរខ្មែរដ៏ល្បីឈ្មោះលោក នូ សារី ដែលរូបគាត់បានចូលរួមស្វែងយល់ ក៏ដូចជាទទួលយកនូវបទពិសោធន៍នៃការគូសគំនូរឌីជីថលផ្ទាល់ ជាលើកដំបូងផងដែរ។
ការប្រកាសនូវការបើកដំណើរការកន្លែងចុះឈ្មោះថ្មីនេះ គឺត្រូវបានធ្វើឡើងស្របគ្នានឹងការពន្យារកាលបរិច្ឆេទឈប់ទទួលពាក្យចូលរួមប្រឡង ពោលគឺនឹងបន្តទទួលពាក្យចាប់ពីថ្ងៃនេះរហូតដល់ ខែកុម្ភៈ ឆ្នាំ ២០២១។
កម្មវិធីប្រឡងនេះ ត្រូវបានគេរំពឹងទុកថា នឹងមានការចុះឈ្មោះចូលរួមប្រកួតច្រើនជាងកម្មវិធីប្រឡងកន្លងទៅ ហើយទន្ទឹមនឹងនោះ ពេលវេលាផ្តល់ជូនបន្ថែមនេះ នឹងញុំាងឱ្យមានការរៀបចំសកម្មភាព និងកម្មវិធីធ្វើដំណើរទៅតាមខេត្ត បានកាន់តែផុសផុលផងដែរ។ សិល្បករដែលជាប់ជ័យលាភី នឹងទទួលបាននូវរង្វាន់ដ៏អស្ចារ្យជាច្រើន ដោយក្នុងនោះមានដូចជា កិច្ចសន្យាការងារ និងឱកាសនៃការចូលរួមជាមួយគម្រោងអន្តរជាតិជាដើម។
កម្មវិធីប្រឡងស្នាដៃសិល្បៈថ្នាក់ជាតិប្រចាំឆ្នាំ ២០២០ ត្រូវបានចែកចេញជា ៣ ប្រភេទ សម្រាប់សិល្បករចូលរួមប្រកួត ដោយក្នុងនោះមានដូចជា គំនូរលើផ្ទាំងក្រណាត់ គំនូរឌីជីថល និងគំនូរតាមដងផ្លូវ។ លោក ថូនី ហ្វ្រង់ស៊ីស (Tony Francis) ជាម្ចាស់ក្រុមហ៊ុន និងជាស្ថាបនិកKbach Arts បានមានប្រសាសន៍ថា ការផ្តល់ពេលវេលាបន្ថែមនេះ គឺដើម្បីផ្តល់ឱកាសដល់សិល្បករឱ្យបានកាន់តែច្រើនមកចូលរួម ក៏ដូចជាផ្តល់ពេលវេលាគ្រប់គ្រាន់ដល់ពួកគាត់ដើម្បីដាក់ពាក្យប្រកួត។
គួររំលឹកផងដែរ កម្មវិធីប្រកួតប្រចាំឆ្នាំលើកទី ៣ ក្រោមកិច្ចសហការជាមួយក្រុមហ៊ុនសែលកាតនេះ ត្រូវបានចាប់ផ្តើមប្រកាសឡើងកាលពីខែកញ្ញា ឆ្នាំ ២០២០កន្លងទៅ ដោយក្នុងនោះ កម្មវិធីក៏បាននាំយកនូវគំនូរប្រភេទឌីជីថលថ្មី ដើម្បីអនុញ្ញាតឱ្យសិល្បករយើងនៅទូទាំងប្រទេស បានចូលរួមដើម្បីបញ្ចេញស្នាដៃផងដែរ។
ក្រុមហ៊ុនសែលកាត សង្ឃឹមថាគំនូរប្រភេទឌីជីថលថ្មីនេះ នឹងអាចជួយជម្រុញយុវវ័យសម័យបច្ចេកវិទ្យាឌីជីថល ស្វែងរកឃើញនូវមធ្យោបាយថ្មីៗ ដើម្បីពង្រឹងនូវទេពកោសល្យច្នៃប្រឌិត និងចាប់យកអាជីពដ៏ប្រសើរមួយសម្រាប់ថ្ងៃអនាគតរបស់ពួកគេ៕