ខេត្តកណ្ដាល៖ អភិបាលខេត្តកណ្ដាល ត្រូវបានបញ្ជាឲ្យផ្អាកសកម្មភាពនេះបន្ទាន់ផង ចំពោះករណីរំលោភយកដីសាធារណៈរបស់រដ្ឋត្រូវបានប្រព្រឹត្តដោយ ឈ្មោះ សុខ សីលា ។ ខណៈជននេះបានបញ្ជាឲ្យកម្មករចាក់ខ្សាច់បំពេញដីចំណីទន្លេបំណងព័ទ្ធយកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន តាមរយៈការលាក់បាំងរបស់អាជ្ញាធរខ្លះ ប៉ុន្តែករណីនេះបានបែកធ្លាយដល់អភិបាលខេត្តតែម្តង។
បើតាមប្រភពបានរាយការណ៍ថា លោក សុខ សីលា ដែលប្រជាពលរដ្ឋនៅតំបន់នោះហៅថា លោកឧកញ៉ាៗ បានសាងសង់អគាររំលោភយកដីសាធារណៈរបស់រដ្ឋ ហើយព័ទ្ធយកដីចំណីទន្លេ ក្បែរនោះទៀត ដែលទំហំធំក្នុងបំណងសាងសង់អគារបន្តបន្ទាប់ ប៉ុន្តែត្រូវបានអភិបាលខេត្តដឹង និងបញ្ជាឲ្យផ្អាក តាមបណ្តឹងរបស់ប្រជាពលរដ្ឋ។
អភិបាលស្រុកកោះធំ លោក អេង សុវិចិត្រ បានប្រាប់សារព័ត៌មានថា ៖ លោកមិនស្គាល់ថារបស់អ្នកណាទេ ប៉ុន្តែត្រូវបានរដ្ឋបាលខេត្តចុះផ្អាកហើយ។ រីឯសំណួរពាក់ព័ន្ធផ្សេងទៀត ដែលត្រូវបានចោទសួរនោះ លោកអភិបាលស្រុកមិនបានឆ្លើយតបនោះឡើយ។
គួរជម្រាបជូនថា នាពេលកន្លងទៅ ស្ថិតនៅក្នុងវេទិការសាធារណៈនៅស្រុកលើកដែក លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានព្រមានផ្លូវច្បាប់ដល់មន្ត្រីថ្នាក់ក្រោម ដែលគុបគិតជាមួយឈ្មួញទុច្ចរិត ក្នុងការសហការគ្នាលក់ដីរដ្ឋទៅឲ្យឯកជន ហើយថា ត្រូវផ្អាកជាបន្ទាន់ព្រោះសកម្មភាពទាំងនេះគឺ ខុសច្បាប់។
បើតាមការឱ្យដឹងពីសំណាក់ពលរដ្ឋស្រុកកោះធំ ករណីរំលោភយកដីចំណីទន្លេធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើយសាងសង់សំណង់រឹងមាំកើតមានជាយូរមកហើយ និងកំពុងកើតមានជាបន្តបន្ទាប់ ដោយពលរដ្ឋស្នើសុំលោក គង់ សោភ័ណ្ឌ និងលោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តជួយទប់ស្កាត់។
ដោយឡែកលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា «ករណីនេះកំពុងស្ថិតក្រោមការត្រួតពិនិត្យមើល»។ ចំពោះករណីរំលោភយកដីចំណីទន្លេនេះ ខាងអង្គភាព «នគរដ្រេហ្គន» មិនទាន់អាចទាក់ទងលោក សុខ សីលា បាននៅឡើយទេ នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ដោយគ្មានលេខទូរស័ព្ទ៕
ដោយ៖ សិលា