ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តជាមួយវត្ថុតាងគ្រឿងញៀនមួយកញ្ចប់ធំ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃទី២ខែធ្នូឆ្នាំ២០២០នេះ កម្លាំងនគរបាលខេត្តឧត្តរមានជ័យ បានបញ្ជូនជនសង្ស័យ២នាក់ រួមជាមួយវត្ថុតាងថ្នាំញៀនមួយកញ្ចប់ធំទៅសាលាដំបូងខេត្ត បន្ទាប់ពីបង្រ្កាបបានថ្មីៗនេះ។
មន្រ្តីនគរបាលបង្រ្កាបគ្រឿងញៀនខេត្តឧត្តរមានជ័យបានឲ្យដឹងថា ដោយមានការណែនាំជាប្រចាំ និងបញ្ជាផ្ទាល់ពីសំណាក់លោក ឧត្តមសេនីយ៍ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ សមត្ថកិច្ចនគរបាលជំនាញ បានចុះបង្រ្កាបបទល្មើសគ្រឿងញៀន ចំនួន ២ ករណី ហើយបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន២នាក់ ។

តាមរបាយការណ៍បានឲ្យដឹងថា ករណីទី១ : នៅយប់ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២០ កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ ដឹកនាំដោយ លោកវរសេនីយ៍ទោ អ៊ូច ម៉ៅ អធិការនគរបាលស្រុក បង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅផ្លូវជាតិលេខ២៦២៥ ភូមិសុខសេរី ឃុំបាក់អន្លូង-ស្រុកត្រពាំងប្រាសាទ ឃាត់ខ្លួន ជនសង្ស័យម្នាក់ ឈ្មោះ ម៉ន អាត ភេទ ប្រុស អាយុ ៤០ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលប្រាសាទ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។
ក្នុងករណីនេះសមត្ថកិច្ចដកហូតវត្ថុតាង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន 01 កញ្ចប់ធំ ទូរស័ព្ទដៃ 01 គ្រឿង និងសម្ភារៈវេចខ្ចប់ ថ្នាំញៀនមួយចំនួន ។
ដោយឡែកករណីទី២ វេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ០១/១២/២០២០ កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងសំរោង បង្ក្រាបករណីចែកចាយ និងប្រើប្រាស់ នៅភូមិសំរោង សង្កាត់-ក្រុងសំរោង ខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ហៀង ស្រីណែត ភេទស្រី អាយុ ២៤ ឆ្នាំ រស់នៅភូមិខាងលើ មុខរបរមិនពិតប្រាកដ ។
ក្នុងនផះសមត្ថកិច្ចដកហូតវត្ថុតាង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ICE (ម៉ាទឹកកក) ចំនួន ១ កញ្ចប់ តូច និងឧបករណ៍សម្រាប់ជក់ ថ្នាំញៀនមួយ ចំនួន ។

បច្ចុប្បន្ន ជនសង្ស័យទាំង ០២ នាក់ រួមនិងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់រួចហើយ ៕ដោយ៖ប្រាថ្នា


ចែករំលែក៖