ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន៣នាក់ ជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស មិនពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» នោះឡើយ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន៣នាក់ ដែលជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស មិនមានពាក់ព័ន្ធនឹងព្រឹត្តិការណ៍«សហគមន៍២៨ខែវិច្ឆិកា» នោះឡើយ។
សូមបញ្ជក់ថា៖ អ្នកដំណើរមកពីក្រៅប្រទេស ដែលរកឃើញឆ្លងកូវីដ-១៩ ទាំង៣នាក់នេះរួមមាន៖
ទី១-បុរសជនជាតិខ្មែរ អាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកដងទង់ ខេត្តកំពត ធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលលទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី ២ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់បុរសនេះ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមណ្ឌលសុខ ភាពចាក់អង្រែ រាជធានីភ្នំពេញ។
ទី២-បុរសជនជាតិខ្មែរ អាយុ ៤៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅខេត្តកណ្ដាល ធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលលទ្ធផលធ្វើតេស្តវត្ថុសំណាក លើកទី២ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់បុរសនេះ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានី ភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់ អង្រែ រាជធានីភ្នំពេញ។ សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ៥០នាក់ដែលនៅក្នុងចំនួននេះ មានបុគ្គលពីរនាក់ខាងលើនេះផងដែរ។ រីឯ អ្នកដំណើរចំនួន៤៨នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមាន ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលទ័ពអាកាស ចំនួន៣៦នាក់ និង នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញចំនួន១២នាក់ ។

ទី៣- ស្ត្រីជនជាតិខ្មែរ អាយុ ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកទឹកឈូ ខេត្តកំពត ធ្វើដំណើរមកពីប្រទេសចិន មកដល់កម្ពុជានៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលលទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី២ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់ស្ត្រីនេះ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០ព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ នៅកម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣២៩នាក់ (ស្រី ៧៤នាក់ និងបុរស ២៥៥នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន ៣០៤នាក់ និង អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២៥នាក់៕

ដោយ៖ សិលា


ចែករំលែក៖